(ក្រចេះ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបកលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកក្កដានេះ លោក វ៉ា ថន អភិបាលខេត្ត បានជំរុញដល់មន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធ រួមអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពបងប្អូនគ្រួសារក្រីក្រ ដើម្បីកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណ និងដើម្បីងាយស្រួលផ្តល់សាច់ប្រាក់ជូនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ននូវជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានឱ្យដឹងថា ក៏បានជំរុញមន្ត្រីចុះដោះស្រាយឱ្យបានទាន់ពេលវេលា ចៀសវាងបញ្ហាទំនាស់ ការក្លែងបន្លំ និងបានស្នើសុំឱ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានសុក្រិត្យត្រឹមត្រូវ ចៀសវាងការក្លែងបន្លំ ដើម្បីផ្តល់ឱកាសដល់បងប្អូនដែលជាជនរងគ្រោះពិតប្រាកដ ដែលកំពុងស្វែងរកជំនួយ។ ម្យ៉ាងវិញទៀត បានជំរុញដល់មូលដ្ឋានត្រូវ បន្តចុះពិនិត្យ ទីទួលសុវត្ថិភាព ដែលជាបញ្ហាប្រឈមមុខ ដើម្បីត្រៀមបង្ការជួយសង្រ្គោះគ្រោះមហន្តរាយ ទឹកជំនន់ នាពេលខាងមុខនេះ។

លោកអភិបាលខេត្តបន្តថា តាមរយៈការដាក់ចេញនូវវិធានការម៉ត់ចត់ និងតឹងរឹងក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ហើយតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនឹងចូលរួមចំណែកជួយសម្រួលជីវភាពប្រជាពលរដ្ឋក្រីក្រ នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការរក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។

បើតាមការបញ្ជាក់ពីលោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្ត តបតាមអនុក្រិត្យលេខ ៨៨ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ តាមរយៈមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច ហើយបើគិតដល់ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០នេះ យើងកំណត់បានអត្តសញ្ញាណគ្រួសារក្រីក្រចំនួន ២១,៤៤០ គ្រួសារ ក្នុងនោះគ្រួសារក្រីក្រដែលនៅមានសុពលភាពនៅឆ្នាំ២០១៨ មាចំនួន ១៧,២៨២គ្រួសារ ហើយបច្ចុប្បន្នមានចំនួនសរុប ៤,០៨៦ គ្រួសារ ដោយក្នុងនោះស្ថានភាពក្រប្រភេទ (១) មានចំនួន ១,៩៧២ ក្រប្រភេទ (២) មានចំនួន២,១១៥គ្រួសារ ហើយគិតត្រឹមថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២០នេះ សាច់ប្រាក់ទទួលបានការឧបត្ថម្ភពីមន្ទីរសង្គមកិច្ច បានចំនួន ១៧,៨៨២គ្រួសារ បើធៀបនឹងជាមួយគ្រួសារសរុប គឺមាន៨៤% ដោយឡែកគ្រួសារដែលមិនទាន់មកធ្វើការផ្ទៀងផ្ទាត់ ៣.៤៥៨ គ្រួសារទៀត ស្មើនិង១៦% ដែលក្រុមការងារកំពុងតែជម្រុញផ្សព្វផ្សាយណែនាំ។

លោកបានបន្តថា ការផ្តល់នូវកម្មវិធីសាច់ប្រាក់នោះដែរ គឺមានភាពសុក្រិត្យនៃការផ្តល់ព័ត៌មានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីអនុវត្តន៍បច្ចេកទេសសម្ភាសន៍ ដោយអនុវត្តន៍តាមប្រព័ន្ធ Tablat ជាអ្នកផ្តល់ និងគណនា៕