(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យចូលព្រះវស្សានេះ បាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់ក្នុងព្រះពុទ្ធសាសនា។ ជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេលប្រមាណជា៣ខែ។

ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឱ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយ ក្នុងរយ:ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្ត ត្រលប់មកវិញក្នុងរយ:ពេល ៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនោះ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារតែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាតាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។ ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងមន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។

កាយវិការប្រកបដោយសទ្ធាជ្រះថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការនាំយកនូវទៀនព្រះវស្សា និងទេយ្យទាននេះ ដើម្បីជួយផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ និងជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។ ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធលោកឪពុក អ្នកម្តាយ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងទីឋានដ៏គាប់ប្រសើរ។

ក្នុងឱកាសលោកតាអាចារ្យដឹកនាំកម្មវិធី ក៏សូមឱ្យបុណ្យកុសលកើតចេញពិធីប្រគេនទានព្រះវស្សា និងទេយ្យទាន ជួយឱ្យជាតិកម្ពុជា បានជួបតែសុខសន្តិភាព និងសូមឱ្យប្រជាពលរដ្ឋខ្មែរបានជួបតែក្តីសុខសប្បាយ។

សូមបញ្ជាក់ថា ក្នុងពិធីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក ២០៩អង្គ ដោយក្នុងមួយអង្គ ១០ម៉ឺនរៀល, យាយជីតាជី១០៨នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល, លោកអាចារ្យ៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងក្រុមភ្លេងពិនពាទ្យទទួលបាន២០ម៉ឺនរៀលម្នាក់ៗ និងសិស្សលោកចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល។

ក្នុងពិធីនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកចូលរួមទាំងចូលចាប់កុសលជាបច្ច័យជាង១ម៉ឺនដុល្លារ សម្រាប់កសាងសមិទ្ធផលក្នុងវត្ត។

សូមបញ្ជាក់ដែរថា ក្រៅតែពីនាំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តចំពុះក្អែកហើយនោះ ក្នុងឱកាសបុណ្យចូលព្រះវស្សានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគ្រួសារបានបានយកទៀនព្រះវស្សា ប្រគេនគ្រប់វត្តនៅបណ្តាខេត្តក្រុង មានចំនួន១២០គូ ហើយក្នុង១គូៗ ដែលយកទៅដាក់នៅតាមបណ្តាវត្ត មានសម្ភារៈចំនួន ១៣មុខទៀតរួមមាន៖​ទឹកដោះគោ១កេស, អូវាន់ទីន ១កេស, មៀនកំប៉ុង ១កេស, ត្រីខ ១កេស, មី១កេសធំ, ស្ករស ១០គីឡូក្រាម, តែ២គីឡូក្រាម, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងថវិកា ៣០ម៉ឺនរៀលក្នុងមួយវត្ត៕