(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អមដំណើរជាមួយក្រុមការងារជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានចុះពិនិត្យក្រុមការងារ កំពុងអនុវត្តសកម្មភាព គូសគំនូសបែកចែកទិសចរាចរណ៍, គំនូសព្រួញបង្ហាញទិញដៅចរាចរណ៍ តាមបណ្តាភ្លើងស្តុប និងគំនូសបែងចែកគន្លងចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥៦ ក្នុងទីប្រជុំជននៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី បានថ្លែងថា សញ្ញាចរាចរណ៍រួមមាន៖ ផ្លាកសញ្ញានៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចណ៍ និងសញ្ញាផ្សេងៗទៀត សញ្ញាចរណ៍ និងគំនូសចរាចរណ៍នៅលើផ្លូវ គឺត្រូវបានរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារៈប្រយោជន៍ ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។

សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈអចិន្ត្រៃយ៍ ត្រូវបានដាក់ចង្ងាយសមស្របល្មមគ្រប់គ្រាន់ តាមប្រភេទផ្លូវ ចំណាត់ផ្លូវ និងស្ថានភាពផ្លូវដែលអាច ធ្វើឱ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាងមុន៕