(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវឃាត់ខ្លួនពេលកម្លាំងនគរបាលល្បាតពួនស្ទាក់ មានការសង្ស័យ, ពេលសួរនាំ ធ្លាយរឿងករណីលួចម៉ូតូ២គ្រឿង ក្នុងមូលដ្ឋាន។

ហេតុការណ៍នេះ នាវេលាម៉ោង០០៖២០នាទីកណ្ដាល ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវ១០៣ ស្ថិតនៅភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ រុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិ៥ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ធ្លាប់ប្រើគ្រឿងញៀន រយៈពេល២ឆ្នាំជាង និងបានសារភាព ខ្លួនធ្លាប់លួចម៉ូតូចំនួន២គ្រឿង ក្នុងដើមខែកក្ដដា ឆ្នាំ២០២០។

លោក ផន អូន អធិការរងខណ្ឌ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ នគរបាលប៉ុស្តិ៍ សហការជាមួយព្រហ្មទណ្ឌល្បាត ក្នុងភូមិសាស្រ្ត ដើម្បីបង្ការបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ក៏បានជួបប្រទះបុរសជនសង្ស័យខាងលើ ឆែកត្រួតពិនិត្យរកឃើញដែកទីប និងដែកចុងស្រួច (ជាឧបករណ៍សំរាប់កាច់កម៉ូតូ) រួចនាំយកមកប៉ុស្តិ៍ សាកសួរនាំ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនធ្លាប់លួចម៉ូតូអាគុបជ្រុង ពណ៌ទឹកប៊ិច មិនចាំស្លាកលេខដោះបោះចោល លួចនៅផ្លូវ៤៦៨ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មិនចាំថ្ងៃខែ និងម៉ូតូ១គ្រឿងទៀត ម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ១HY-០៧៩២ លួចនៅផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលក្នុងអំឡុង ដើមខែកក្កដា មុនកើតហេតុ ខ្លួនបំរុងដើរលួចទៀត ក៏នគរបាលប្រទះឃើញ ឃាត់តែម្ដងទៅ ហើយម៉ូតូពេលលួច បានដោះគ្រឿងយកទៅបញ្ជាំ និងយកទៅជក់ថ្នាំញៀន។

នគរបាល ក៏បានឲ្យម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញ ដកហូតទុកចោលនៅដីឡូតិ៍ ហើយជនសង្ស័យឆ្លើយថា ពិតជាម៉ូតូខ្លួនធ្លាប់លួចកន្លែងមកមែន។

លោកអធិការបន្តថា ម៉ូតូ២គ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១HY ០៧៩២ និងម៉ូតូអាគុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខនេះ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានល្បាតឃើញប្លុងចោល នៅដីឡូតិ៍ទុកចោល កាលពីថ្ងៃទី០៣ និងថ្ងៃទី០៤ ក្នុងខែកក្កដា។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូ២គ្រឿង និងស្រាវជ្រាវរកម្ចាស់ ដើម្បីបន្ថែមបន្ទុក លើជនសង្ស័យឲ្យធ្ងន់បន្ថែមទៀត៕