(កណ្ដាល)៖ ក្រោយបិទទីតាំងច្រក វេចខ្ចប់ មេឡេគីឡូ គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុលចំនួន៦៧មុខ ដែលមានម្ចាស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកដំណើរការព្រោះគ្មានច្បាប់អនុញ្ញាត តាំងពីខែមេសាឆ្នាំ២០២០មក, នៅពេលនេះមន្រ្តីជំនាញទុកពេលឱ្យម្ចាស់ទីតាំងទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ហើយសំណាកដែលរកឃើញមិនប្រក្រតីនឹងត្រូវដុតកម្ទេចចោល។

លោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះថា លោកទុកពេលឱ្យម្ចាស់ ទីតាំងនេះ ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ហើយសំណាកដែលរកឃើញមិនប្រក្រតីនឹងត្រូវដុតកម្ទេចចោល។

លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញ និងអំពាវនាវដល់រាល់ម្ចាស់អាជីវកម្ម សហគ្រិនទាំងអស់ សូមរួសរាន់ទៅសុំច្បាប់អនុញ្ញាតបើកអាជីវកម្មឱ្យបានត្រឹមត្រូវមុននឹងបើកអាជីវកម្មណាមួយ ដើម្បីធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។

គួររម្លឹកថា ប្រតិបត្តិការចុះពិនិត្យ រឹបអូសផលិតផលខុសច្បាប់ និងបិទទីតាំងខាងលើនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយនឹងគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច យ៉ុន, កម្លាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ។

សេចក្ដីរាយការណ៍ឱ្យដឹងថា ម្ចាស់ទីតាំងនេះមានឈ្មោះ គីម ភេទស្រី អាយុ៤០ឆ្នាំ សង្ស័យមានអ្នកនៅពីក្រោយទើបហ៊ានលួចបើកអាជីវកម្មខុសច្បាប់ទាំងនេះ៕