(ភ្នំពេញ)៖ ស្ត្រីដែលជាកម្មការិនីរោងចក្រម្នាក់ ខណៈពេលធ្វើដំណើរទៅធ្វើការស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង បុកពីក្រោយ ហើយកិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបថ្នល់បត់ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ស៊េរី ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DH-3064 បានធ្វើដំណើរពីត្បូងមកជើង ខណៈពេល ដែលជិះមកដល់ចំណុចស្តុបថ្នល់បត់ បានឈប់ចាំស្តុក ក៏ត្រូវរថយន្តកូរ៉េមួយគ្រឿងម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4273 ដែលបើកបរស្របទិសគ្នា បានបុកពីក្រោយហើយកិនទៅលើស្ត្រីរងគ្រោះ បណ្ដាលឱ្យធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋធ្វើការដេញតាមឃាត់ និងប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មន្ត្រីជំនាញបានចុះមកដល់ទីតាំងកើតហេតុ ជួយសម្រួលចរាចរណ៍ និងទាក់ទងហៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង នាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។ រីឯជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្ត្រីខាងលើស្លាប់ ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅកាន់ការិយាល័យចរាចរណ៍ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕