(កំពង់ឆ្នាំង)៖ សមិទ្ធផលជាច្រើនដែលផ្លល់ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពីសំណាក់រាជរដ្ឋាភិបាល ដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋ សមិទ្ធផលទាំងនោះរួមមាន៖ ផ្លូវថ្នល់ប្រឡាយទឹក ស្ពាន សាលារៀន វត្តអារាម ពិសេសគឺទំនប់ទឹក ដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងសំខាន់ សម្រាប់ប្រជាកសិករធ្វើការបង្កបង្កើនផលស្រូវ។

ស្រុកកំពង់លែងជាស្រុកជាមួយ ដែលចំណុះឲ្យខេត្តកំពង់ឆ្នាំង ស្រុកនេះមានចំនួន៩ឃុំ មាន៤៤ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំនួន១ម៉ឺន២ពាន់គ្រួសារ បើគិតជាចំនួនប្រជាពលរដ្ឋគឺមាន៥ម៉ឺន៦ពាន់នាក់ ដែលមានភូមិសាស្ត្រស្ថិតនៅម្ខាងទន្លេ មានចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ដោយមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ធំ ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរផ្នែកកសិកម្ម និងនេសាទត្រី។

បើគេចង់ធ្វើដំណើរមកទីរួមខេត្តកំពង់ឆ្នាំង ឬក៏ធ្វើដំណើរទៅកាន់ស្រុកផ្សេងៗ គេត្រូវធ្វើដំណើរឆ្លងទូកដរ ពីទីរួមខេត្តកំពង់ឆ្នាំងមកកំពង់ហៅ ឬពីកំពង់ហាវមកកាន់ទីរួម ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយ២គីឡូម៉ែត្រ ពិសេសប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗមួយចំនួន បើចង់ទៅលេងសៀមរាបឬខេត្តកំពង់ធំ គេអាចធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយឆ្លងទូកដរ បន្ទាប់មកគេនឹងធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ធំ និងសៀមរាបយ៉ាងឆាប់រហ័សផងដែរ ពោលគឺពីស្រុកកំពង់លែងទៅកាន់ខេត្តកំពង់ធំ មានចម្ងាយតែ៥០ គីឡូម៉ែត្រតែប៉ុណ្ណោះ។

ពាក់ព័ន្ធនិងសមិទ្ធផលនានាក្នុងស្រុកកំពង់លែង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកក៏បានផ្ដល់បទសម្ភាសន៍ជាមួយនឹងអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងស្រុកកំពង់លែង គឺទទួលបានសមិទ្ធផលជាច្រើនដែលផ្ដល់ដោយរាជរដ្ឋាភិបាល មានទាំងផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក សាលារៀន វត្តអារាម។ល។ ពិសេសគឺទំនប់ទឹកដែលរាជរដ្ឋាភិបាល លោកផ្ដោតយកចិត្តទុក ដាក់យ៉ាងសំខាន់ សម្រាប់ផ្ដល់ជូនប្រជាកសិករប្រកបរបបផ្នែកកសិកម្ម ពិសេសគឺដំណាំស្រូវ។

តាមរយៈគម្រោងបម្រែបម្រួលអាកាសធាតុ ដែលគាំទ្រដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយដល់ស្រុកកំពង់លែងទំនប់ចំនួន៦ខ្សែ ក្នុងនោះនៅក្នុងឃុំកំពង់ហាវ១ខ្សែរ ឃុំស្វាយរំពារទំនប់១ខ្សែ ឃុំច្រណូកទំនប់១ ខ្សែ ឃុំដារទំនប់១ខ្សែ និងឃុំត្រងិលទំនប់ចំនួន២ខ្សែ ដែលគម្រោងខាងលើនេះ បានធ្វើរយៈពេល៣ឆ្នាំកន្លងមក គឺចាប់តាំងពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២០នេះ ក្នុងនោះទំនប់៣ នឹងបញ្ចប់ក្នុងអំឡុងពាក់កណ្ដាលខែកក្កដា នេះផងដែរ។

ក្នុងចំណោមទំនប់ទឹកទាំង៦គឺចាប់អារម្មណ៍ជាងគេ គឺទំនប់ស្រុក ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយរំពារទំនប់នេះ មានបណ្ដោយ២២០០ម៉ែត្រ កម្ពស់៥ម៉ែត្រ ខ្នងលើ៥ម៉ែត្រ ដែលមានរៀបថ្មចាក់បេតុងពីរជើងក្រោមរហូតក្នុងលើ ដែលអាចស្រោចស្រពស្រូវស្រែបានរហូត៤៥០ហិកតា កាលពីដើមឡើយកសិករធ្វើស្រែ តែងតែមានការខ្វះខាតទឹកជារៀងរាល់ឆ្នាំ នៅពេលដែលទំនប់នេះធ្វើរួចកាលពីរដូវប្រាំងឆ្នាំមុន ប្រជាកដិករធ្វើស្រែចំការដោយមិនមានការខ្វះទឹកដូចពេលមុននោះឡើយ ទើបតែនៅរដូវ វស្សាឆ្នាំទៅ ទំនប់នេះត្រូវបានរលកទឹកបោកបក់បណ្ដា លឲ្យខូចជាអន្លើៗ ហើយត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន និងគម្រោង(ADB)សព្វថ្ងៃ បាននឹងកំពុងតែធ្វើការជួសជុលសារជាថ្មីផងដែរ៕