(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តធ្វើការផ្សព្វផ្សាយ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺនៅសង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំងបំផុត ចំពោះជំងឺកាចសាហាវ (កូវីដ១៩) មួយប្រភេទនេះ។

ការបន្តចុះផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក នាង បូ ដែលមានចំនួន៥៩នាក់។

ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ប្រធានគណបក្សខណ្ឌ ក្រុមការងារគណបក្សខណ្ឌ ក្រុមការងារយុវជនខណ្ឌ គណបក្សសង្កាត់ មណ្ឌលសុខភាព សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ សរុប២៦នាក់ ក្រោមអធិបតី លោក នួន ផារ័ត្ន សមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័នយុវជនកម្ពុជា។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងារទាំងអស់ក៏បានចែកជូននូវទឹកអាល់កុល និងថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃរួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន និង ជំងឺទូទៅ រួមនិងមានការចែកថ្នាំ មុលទីវីតាម៉ីន និងវីតាម៉ីនសេ ជូនប្រជាពលរដ្ឋចំនួន១៤៧គ្រួសារ សរុបមានប្រជាពលរដ្ឋចំនួន១៥០នាក់ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ក្រៅពីការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលសហការជាមួយនឹងសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត ្ត លោក ហ៊ុន ម៉ានី ដែលរួមមានដូចជា៖ នំបុ័ង៣០០ដើម, ទឹកសុទ្ធចំនួន៥០០ដប, ម៉ាស៊ីនវាស់កម្តៅ៣គ្រឿង, ទឹកអាល់កុល និងដបបាញ់ធំ ចំនួន១៥០ដប, ម៉ាស់ចំនួន១៨ប្រអប់ ស្មើ ៩០០ម៉ាស់, សាប៊ូចំនួន ៣០០ដុំ និងក្រដាសរូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន៣០០សន្លឹក ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕