(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តដឹកនាំធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីវិធីការពារ ប្រយុទ្ធប្រឆាំង COVID-19 និងស្រង់ស្ថិតិឈ្មោះជនក្រីក្រពិតប្រាកដ។

លោក សួស អង្គារ៍ បានបន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងជម្រាបជូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីវីធីការពារ ការប្រយុទ្ធប្រឆាំងនិងវិធីការពារនៃជំងឺ COVID-19 នៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងឱកាសប្រគេនទៀនវស្សា និងទេយ្យទានដល់វត្តចំនួន៥ គឺមាន១, វត្តអូរតាគី ២, វត្តត្រស់ពិសី ៣, វត្តវាលទ្រា ៤, វត្តត្រាង និង៥, វត្តជ្រោយម្ទេសក្នុងស្រុកថ្មគោល។

លោកនាយឧត្តមសេនីយ៍ បានរំលឹកដល់ក្រុមការងារនៅក្នុងមូលដ្ឋានទាំងអស់ថា «យើងត្រូវធ្វើបច្ចុប្បន្នភាព ចំពោះជនក្រីក្រងាយរងគ្រោះនៅភូមិនីមួយៗ ដែលមានផលប៉ះពាល់ខ្លាំងបញ្ហា COVID-19 កន្លងទៅ ក៏ដូចជាធ្វើប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវមានតម្លាភាព ប្រសិទ្ធភាព សូមកុំឲ្យធ្វើទៅតាមបក្ខពួក បងប្អូន សាច់ញាតិ មិនចំគោលដៅនោះឡើយ»។

ទៀនវស្សា និងទេយ្យទានដែលបានប្រគេនជូនវត្តទាំង៥ ដោយក្នុងវត្តនីមួយទទួលបាន រួមមាន៖ អង្ករ៥០គីឡូក្រាម, ទៀនវស្សា១គូ, សាដក់មួយ,មី១កេស, ទឹកក្រូច២កេស, បច្ច័យ៤០ម៉ឺនរៀល ដោយប្រគេនបច្ច័យអនុគណស្រុក ៥០ម៉ឺនរៀល និងជូនថវិកាអ្នកចូលរួមប្រជុំទាំង២ឃុំ ម្នាក់ៗបាន២ម៉ឺនរៀល ព្រមទាំងចែកជូនលុយដល់លោកតា លោកយាយនៅក្នុងវត្តមួយចំនួនផងដែរ។

ឆ្លៀតក្នុងនោះ នាយឧត្តមសេនីយ៍ បានមកជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ ភូមិ ដើម្បីពង្រឹងការងារបម្រើការងារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រស់នៅមានសុខសុវត្តិភាព ស្រមតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕