(កណ្ដាល)៖ លោក ឈុន ស៉ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងក្រុមការងារ បានមូលមតិគ្នាជាឯកច្ឆន្ទ នាំយកបរិក្ខារ ទេយ្យទាន បច្ច័យ ទៀនព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅក្នុងវត្តប្រជុំនទី (ហៅវត្តក្រពើហា) និងវត្តព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

លោក ឈុន ស៉ីរុន និងលោក ម៉ឹង យូឡេង បានលើកឡើងស្រដៀងគ្នាថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលគេគ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

លោកទាំង២បានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងកណ្តាលនេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនាផងដែរ។

តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា៕