(កណ្ដាល)៖ ក្រុមអ្នកកាវខ្ចៅទាំងយប់ទាំងថ្ងៃ មានទាំងជនជាតិវៀតណាមផង ដែលបង្កសំឡេងរំខានការរស់នៅរបស់ពលរដ្ឋស្រុកកោះធំ ត្រូវបានសមត្ថកិច្ចចុះទៅអប់រំ បន្ទាប់ពីប្រជាពលរដ្ឋ បានស្នើទៅអធិការដ្ឋាននគរបាលស្រុក ឱ្យជួយដោះស្រាយ។

ករណីនេះបានដោះស្រាយភ្លាមៗនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយអធិការដ្ឋាននគរបាលស្រុកកោះធំ ទទួលបាន Comment ចូលទៅក្នុងប្រអប់សារ ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា «សួស្ដីបងៗ! សូមអធ្យាស្រ័យបងៗ ជួយសម្រួលរឿងកាណូតកាវខ្ចៅនៅពេលយប់ម៉ោង១១ ធ្វើឲ្យយប៉ះពាល់ដល់ការគេង (គេងមិនលក់ដោយសារសម្លេងកាណូតកាវខ្ចៅ) ចុះថ្ងៃទី០៤-០៧-២០២០»

ក្រោយទទួលបានព័ត៌មាននេះ លោកអធិការ សឹម ឃាង បានបញ្ជាឱ្យកម្លាំងចុះទៅពិនិត្យមើលស្ថានការណ៍ ហើយធ្វើការអប់រំពួកគាត់មិនឱ្យកាវខ្ចៅពេលយប់ទេ ខណៈជាពេលដែលពលរដ្ឋសម្រាក។

សូមបព្ជាក់ថា កាណូតកាវខ្ចៅតាំងពី ម៉ោង៦ព្រឹក រហូតដល់ម៉ោង ១១យប់ តែងតែធ្វើឡើងនៅទីតាំង ភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

ក្រុមអ្នកកាវខ្ចៅនេះ មកពីខេត្តផ្សេងៗ ហើយខ្លះជាជនជាតិវៀតណាម ដែលមករកស៉ីកាវខ្ចៅនៅភូមិសាស្ត្រស្រុកកោះធំ ខណៈមានសេចក្ដីរាយការណ៍ថា ក្រុមកាវខ្ចៅនេះ បានបង់ជាកញ្ជប់ថវិការទៅខាងជលផល និងមនុស្សមួយចំនួនផ្សេងទៀត ទើបពួកគាត់អាចមកកាវខ្ចៅនៅស្រុកកោះធំបាន៕