(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរខេត្តកោះកុង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទនិងសប្បុរសជននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៧វត្ត ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងកំឡុងដែលព្រះសង្ឃ ចូលព្រះវស្សា។

លោក ហាក់ ឡេង បានថ្លែងថា វិស័យអាណាចក្រ និងពុទ្ឋចក្រ តែងតែដើរទន្ទឹមគ្នា ពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ព្រោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ឋសាសនា ជាសាសនារបស់រដ្ឋ។

លោកបន្តថា វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចម្រើនទៅបាន អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋ ដែលជាពុទ្ឋបរិស័ទ មានឱកាសប្រកបកិច្ចការ រកស៊ីចិញ្ចឹមជីវិតមានការរីកចម្រើនគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យពុទ្ធសាសនា ហើយមានឱកាសក្នុងការធ្វើបុណ្យទានផ្សេងៗ ប្រពៃណី នៃសាសនាផងដែរ។

លោកអភិបាលក៏បានផ្តាំផ្ញើដល់ព្រះសង្ឃ ឧបាសកឧបាសិកា បងប្អូនជនរួមជាតិទាំងឡាយថា៖ «ទោះបីជំងឺឆ្លងកូវិដ១៩មានការថយចុះក៏ដោយ អ្វីដែលសំខាន់យើងទាំងអស់គ្នាត្រូវថែទាំសុខភាពឲ្យល្អពីជំងឺនេះ ព្រោះវាមិនទាន់រលាយបាត់ពីពិភពលោកនៅឡើយទេ»

លោកថា «ជំងឺនេះវានៅតែបន្តរីករាលដាល ហើយបង្កហានិភ័យនៅឡើយហេតុ ដូច្នេះយើងត្រូវរួមគ្នាទប់ស្កាត់ កុំឲ្យមានការរីករាលដាលបន្ត យើងត្រូវអនុវត្តន៍ និងស្តាប់ការផ្សព្វផ្សាយការអបរំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល មន្ទីរពេទ្យ លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ក្នុងការថែទាំសុខភាពថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើង តែបើមានលក្ខណៈសង្ស័យសុខភាពខ្លួនឯង ឬក្នុងក្រុមគ្រួសារយើង ត្រូវប្រញាប់អញ្ជើញទៅពិគ្រោះយោបល់ និងពិភាក្សាជាមួយក្រុមលោកគ្រូពេទ្យ»

សូមបញ្ជាក់ថា ការដង្ហែទៀនវស្សាចូលវត្តទាំង៧ ស្ថិតក្នុងស្រុកបូទុមសាគរនេះក្នុង១វត្តៗទទួលបាន៖ ទៀនវស្សា១គូរ អង្ករ៤បាវធំនិង១បាវតូច ប្រេងម៉ាស៊ូត៣០លីត្រ ទឹកត្រី១កេស ទឹកសុទ្ធ២កេស បាកាស១កេស ទឹកស៉ីអ៉ី១កេស កូកាកូឡា១កេស ទឹកក្រូច២កេស គ្រឿងទេយ្យទានឧបភោគបរិភោគមួយចំនួន ថវិកាចំនួន ២,២៥៥,៥០០រៀល។ ក្នុងនោះវត្តសិលាមុន្នីហៅវត្តថ្មស បានទទួលថវិកាចំនួន ៣០០ដុល្លាបន្ថែម សម្រាប់ការសាងសង់វត្តបន្ត ហើយសម្ភារទាំងអស់នេះ បានមកពីការជួយឧបត្ថម្ភពីសប្បុរសជនផងដែរ៕