(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសគូវ៉ែត បានជូនដំណឹងថា ប្រទេសគូវ៉ែត នឹងបើកជើងហោះហើររបស់ខ្លួនឡើងវិញហើយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីផ្អាកមួយរយៈពេលធំព្រោះតែការរាតត្បាតជំងឺកូវីដ១៩។ បើទោះបីជាមានការបើកជើងហោះហើរឡើងវិញយ៉ាងណាក្តី តែប្រទេសគូវ៉ែត បានភ្ជាប់នឹងលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកដំណើរ ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩។

ការជូនដំណឹងរបស់ស្ថានទូតខ្មែរនៅប្រទេសគូវ៉ែត ជាការជម្រាបដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរ ដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសគូវ៉ែត ដើម្បីពួកគេបានត្រៀមលក្ខណៈសម្បត្តិទុកជាមុនបើចង់មានការហោះហើរចេញចូលប្រទេសគូវ៉ែត។

ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតគូវ៉ែត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដើម្បីហោះចូលទៅកាន់ប្រទេសគូវ៉ែតបានត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

I- សម្រាប់អ្នកដំណើរចូលប្រទេសគូវ៉ែតតម្រូវឱ្យមាន៖
១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថាគ្មានមេរោគកូវីដ១៩។
២៖ ត្រូវចុះហត្ថលេខាលើកិច្ចសន្យា ដោយគោរពឱ្យបានម៉ត់ចត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលតម្រូវអោយនៅកន្លែងដែលបានរៀបចំទុក ឬនៅផ្ទះដាច់ដោយឡែក។
៣៖ តម្រូវឱ្យមានការត្រួតពិនិត្យបញ្ជាក់សុខភាព ដោយមិនបានព្រាងទុក ១០ភាគរយ នៃចំនួនអ្នកដំណើរសរុបដែលមកដល់រដ្ឋគូវ៉ែតសម្រាប់ជើងហោះហើរនីមួយៗ។
៤៖ អ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ ស្រោមដៃ និងវាស់កំដៅ មុនពេលឡើងយន្តហោះ និងពេលមកដល់។

II- សម្រាប់អ្នកដំណើរចេញពីប្រទេសគូវ៉ែតតម្រូវឱ្យមាន៖
១៖ អ្នកដំណើរចេញពីរដ្ឋគូវ៉ែត គួរទទួលបានវិញ្ញាបនបត្របញ្ជាក់សុខភាព ថាគ្មានមេរោគកូវ៉ូណា (កូវីដ-១៩) ដោយយោងតាមតម្រូវការរបស់ប្រទេសនីមួយៗដែលទទួលអ្នកដំណើរ។
២៖ ការផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពសម្រាប់អ្នកដំណើរ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនសេវាកម្មនៅព្រលានយន្តហោះ។
៣៖ ត្រូវប្រកាន់ខ្ជាប់នូវតម្រូវការរក្សាសុខភាព ដោយត្រូវពាក់ម៉ាស់ ស្រោមដៃ និងរក្សាគម្លាតពីគ្នា។

ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ដែរថា វិញ្ញាបនបត្របញ្ជាក់សុខភាព (PCR) ត្រូវតែបង់ថ្លៃ៕