(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំពិធីបំពាក់ឋានន្តរសកិ្តជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥១៤នាក់ (ស្រី១២នាក់) ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ពិធីនេះរៀបចំឡើង នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។

មុនពេលចាប់ផ្ដើមកម្មវិធីបំពាក់ឋានន្តរសក្ដិ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអនុសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកណែនាំដល់ នាយ នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ សីលធម៌ គុណធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវទិសស្លោករបស់លោកនាយឧត្ដមសេនីយ៍គឺ៖

* ចំពោះប្រទេសជាតិត្រូវតែការពារ
* ចំពោះរាស្ត្រប្រជាត្រូវតែបម្រើ
* ច្បាប់ត្រូវតែគោរព
* បទល្មើសត្រូវតែបង្ក្រាបឲ្យខាងតែបាន និង
* ជួយគិត ជួយធ្វើ រួមទទួលខុសត្រូវ

ព្រមជាមួយគ្នានោះផងដែរ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានដាស់តឿនក្រើនរំលឹក ដល់សមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ បង្ការ និងទប់ស្កាត់ រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ពាក់ម៉ាស់ឬរបាំងការពារមុខឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងមានវិធានការប្រុងប្រយ័ត្នផ្សេងៗ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ព្រោះថា ប្រសិនបើពិភពលោកនៅតែមិនទាន់មានថ្នាំព្យាបាលជំងឺនេះពិតប្រាកដ ហើយវ៉ាក់សាំងនៅតែបន្តមិនទាន់មានដាក់ឲ្យប្រើប្រាស់ នោះយើងមិនអាចធ្វេសប្រហែសបានឡើយ ត្រូវចាំថាយើងទាំងអស់គ្នាអាចភ្លេចមេរោគកូវីដ១៩នេះបាន ប៉ុន្តែមេរោគនេះមិនដែលភ្លេចយើងទាំងអស់គ្នាទេ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ចដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ និងពង្រឹងការងារសន្តិសុខសង្គមឱ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីរួមចំណែក ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងប្រទេសយើង និងត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់។

ចំពោះនាយទាហាន នាយទាហានរង ទាំង ៥១៤នាក់ ដែលត្រូវបានបំពាក់ឋានន្តរសក្តិ រួមមាន៖
* ថ្នាក់វរសេនីយ៍ទោ ចំនួន ១២ នាក់
* ថ្នាក់វរសេនីយ៍ត្រី ចំនួន ១៦ នាក់
* ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់
* ថ្នាក់អនុសេនីយ៍ទោ ចំនួន ០៦ នាក់
* ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៣៩ នាក់
* ថ្នាក់នាយចំណង់ ចំនួន ០១ នាក់
* ថ្នាក់ព្រិន្ទបាលឯក ចំនួន ៣៨៣នាក់
* ថ្នាក់ព្រិន្ទបាលទោ ចំនួន ៥០ នាក់៕