(ក្រចេះ)៖ នគរបាលក្រុងក្រចេះ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ចុះអនុវត្តតាមទិសដៅផែនការសកម្មភាពរបស់ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តការស្រាវជ្រាវ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់គ្នាចំនួន៥នាក់ នៅកន្លែងផ្សេងគ្នា។

លោកវរសេនីយ៍ត្រី អេង ហឿន នគរបាលក្រុងក្រចេះ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលបានឃាត់ខ្លួនជ សង្ស័យចំនួន១នាក់ នៅចំណុចលាងឡាន ទល់មុខផ្ទះសំណាក់លីហ្វុងរតនះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ជនសង្ស័យទី១នេះ ឈ្មោះ ទៀប ភក្តី ហៅជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ លោកបន្តថាបានដកហូតវត្ថុតាំងម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន៩កញ្ចប់ ម៉ូតូ១គ្រឿង ទូរសព្វ័១គ្រឿង និងសម្ភារប្រើប្រាសគ្រឿងញៀនមួយចំនួន។

លោកអធិការបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទៀប ភក្ដី នៅថ្ងៃទី៣ កម្លាំងក្រុងក្រចេះ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន២ទៀត នៅចំណុចខាងជើងរង្វង់មូលខ្លាស្ទះប្រហែល១គីឡូម៉ែត្រ។

ជនសង្ស័យទី២ ឈ្មោះហៀត វី ភេទប្រុស អាយុ២៨ឆ្នាំ ខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅភូមិឆ្លូង១ ឃុំក្រព័ទ្ធ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទី៣ ឈ្មោះ អារី កាម៉ែល ភេទប្រុស អាយុ ២២ឆ្នាំ ខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ច ក៏ដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន១កញ្ចប់ ម៉ូតូគ្រឿង ទូរសព្វ័១គ្រឿង។

តាមចម្លើយសារភាពឈ្មោះ ហៀត វី នៅល្ងាចថ្ងៃទី៣ កម្លាំងនគរបាលបន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត ឈ្មោះ ហេង ភត្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ស៉ឹម ចាន់ថា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង៣ មានទីលំនៅភូមិ-ឃុំខាងលើ។ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន២កញ្ចប់ ម៉ូតូ១គ្រឿង និងសម្លារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំង៥នាក់រួម និងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការនគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងទៅតុលាការ៕