(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានចេញជួយអន្តរាគមន៍ភ្លាមៗ ដេញចាប់ជនសង្ស័យម្នាក់ ក្រោយពេលដែលប្រើកាំភ្លើងជ័រ ទៅគំរាមប្លន់អ្នករត់ម៉ូតូឌុប នៅវេលាម៉ោង១០៖១៥នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច មុខផ្ទះលេខ១៣ ផ្លូវលេខ២២៣ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សម្បត្តិ សុខគា ហៅ អាត្រង៉ោល អាយុ៣៥ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះឈ្មោះ ឃុត ម៉ាញ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិត្រើយអូរ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅ ផ្ទះជួលពុំចាំលេខ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនសង្ស័យបាន ហៅម៉ូតូជនរងគ្រោះ ជិះចេញពីចំណុច ម្តុំមុខខារ៉ាអូខេឌីយ៉ាម៉ង់ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឱ្យឌុបមកម្តុំស្តុបទេពផន ដោយឱ្យតម្លៃ៦០០០រៀល។ ពេលនោះជនរងគ្រោះបានឌុបជនសង្ស័យ ដល់ចំណុចស្តុបទេពផន ជនសង្ស័យបាន ឱ្យជនរងគ្រោះឌុបទៅមុខទៀត រហូតដល់ចំណុច កើតហេតុដោយមានសភាពងងឹតស្ងាត់ ជនសង្ស័យ បានប្រាប់ជនរងគ្រោះឈប់ម៉ូតូ រួចដកលុយក្រដាស ១០០០០រៀល មកឱ្យជនរងគ្រោះអាប់ ពេលនោះ ជនសង្ស័យបានវាយជនរងគ្រោះមួយដៃ ត្រូវចំបំពង់ក ជនរងគ្រោះបានតដៃវិញ ទើបជន សង្ស័យបានដកកាំភ្លើងជ័រមកភ្ជង់គំរាម ជនរងគ្រោះមានការភ័យខ្លាច បានរត់ចោលម៉ូតូ ព្រមទាំងស្រែកចោរៗ។

ស្របពេលកំលាំងល្បាត របស់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ដែលកំពុងល្បាត ការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន បានឮសម្រែក ជនរងគ្រោះ បានមកអន្តរាគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យ បានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕