(ភ្នំពេញ)៖ ជេីងយន្តហោះពាណិជ្ជកម្ម១ទៀតរបស់ក្រុមហ៊ុន Malaysian airlines នឹងហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ តាមជេីងយន្តហោះពាណិជ្ជកម្មពិសេស។ នេះបើតាមការផ្សាយ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៤ ខែកក្កដានេះ។

បើតាមស្ថានទូត, ប្រជាពលរដ្ឋខ្មែរទាំងអស់ មុននឹងទិញសំបុត្រ ឬបានទិញរួចហេីយត្រូវតែប្រាកដថា៖

១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។ បេីលិខិតឆ្លងដែនអស់សុពលភាព (passport ងាប់) ត្រូវ ទាក់ទង ឬទៅស្ថានទូត ដេីម្បីទទួលបានការពន្យល់ណែនាំ។

២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាព មុនថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ីឲ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលេី សូមទិញសំបុត្រ online ដោយផ្ទាល់នៅលេីគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហេីយ អាចសាកសួរព័ត៌មានបន្ថែមដោយ WhatsApp ទៅកាន់លេខទូរសព្ទ +60122605359។

ស្ថានទូតបានដាស់តឿនន្ថែមថា «សូមកុំជឿតាមការឃោសនារបស់ពួកមេខ្យល់ ដែលធានាទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញ ប្រសិនបេីមិនមានគ្រប់លក្ខខណ្ឌខាងលេីពីព្រោះកន្លងមកមានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ខាតបង់លុយកាក់ជាច្រេីន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន។ សូមទិញសំបុត្រនៅពេលណាដែលស្ថានទូតជូនដំណឹងតែប៉ុណ្ណោះ »

សូមរំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន៣លើកប៉ុណ្ណោះ រួមមាន៖

* លើកទី១៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់។
* លើកទី៣៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១២២នាក់៕