(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល បានអញ្ជើញចូលរួមពិធីបុណ្យ ប្រគេនទៀនព្រះវស្សាតាមប្រពីណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងអំឡុងពេលចូលព្រះវស្សា។

ឆ្លៀតក្នុងឱកាសនេះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ លោកយាយ លោកតា ឱ្យបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដែលនៅតែបន្តរីករាលដាលនៅក្នុងប្រទេស និងជុំវិញសកលលោក។ ជាក់ស្តែងលោកបានកត់សម្គាល់ឃើញថា «ប្រជាពលរដ្ឋយើងសព្វថ្ងៃកំពុងតែភ្លេចខ្លួន និងខ្វះការប្រុងប្រយ័ត្នចំពោះជំងឺនេះ។ បញ្ហាការឆ្លងជំងឺ នៅលើសកលលោក ជាពិសេសនៅបណ្តា ប្រទេសជឿនលឿន ពុំទាន់មានការថមថយនៅឡើយ ដោយចំនួនអ្នកឆ្លងសរុបទូទាំងសកលលោក កើនដល់១១លាននាក់ និងអ្នកស្លាប់កើនដល់ជាង៥០ម៉ឺននាក់។ ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើង អ្នកឆ្លងសរុបកើនដល់១៤១នាក់ ដែលភាគច្រើនជាករណីនាំចូលមកពីក្រៅប្រទេស រីឯអ្នកព្យាបាលជាសះស្បើយ សរុបមានចំនួន១៣១នាក់»

លោកថា កូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពរបស់បងប្អូនដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងផល់ប៉ះពាល់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការដោះស្រាយផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានឧបត្ថមជាថវិកា និងសំភារៈមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ១៩នេះ។

ជាចុងក្រោយ លោកបានសំណូមពរដល់បងប្អូនកម្មករ-កម្មការិនី ដែលបាត់បង់ការងារ ឱ្យងាកមកចូលរួមបង្ករបង្កើនផលជាមួយគ្រួសារ ដើម្បីទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញ ការនាំចេញកសិផលរបស់យើង និងអំពាវនាវដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ កុំអោយជំងឺនេះឆ្លងចូលដល់សហគមន៍យើង។

ក្នុងឱកាសនេះ លោកបានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ដល់វត្តចំនួន៣ មានវត្តស្ទឹងជ័យ វត្តពពេល និងវត្តស្រះ នៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា១គូ ទឹកក្រូច៤កេះ ទឹកសុទ្ធ៤កេះ មី៤កេះ ទឹកដោះគោ១កេះ អង្ករ២បេ ស្កសរ២០គីឡូ រួមទាំងបច្ច័យចំនួន៨០ម៉ឺនរៀល ដោយឡែក យាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់សរ១ដុំ ប្រេងកូឡា២ប្រអប់ និងថវិកាចំនួន១ម៉ឺនរៀល៕