(ព្រៃវែង)៖ សមត្ថកិច្ចស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្ទាក់ចាប់ក្រុមចោរ២នាក់ បន្ទាប់ពីពួកគេបន្លំខ្លួនចូលយកព្រះពុទ្ធរូបចំនួន១៤ព្រះអង្គ នៅលើកុដក្នុងវត្តវត្តព្រៃច្បារ ស្ថិតភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

នគរបាលស្រុកព្រះស្តេច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើនេះ ក្រោយព្រះគ្រូចៅអធិការវត្តព្រៃច្បារបានទូរស័ព្ទរាយការណ៍ប្តឹងទៅសមត្ថកិច្ច។ ពេលទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍ឃុំកំពង់សឹង សហការជាមួយប្រជាការពារ ក្រោមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេច បានដេញតាមស្ទាក់ចាប់បានជនសង្ស័យពីរនាក់ និងវត្ថុតាងភ្លាមៗចំណុចផ្លូវជាតិលេខ១ ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមមានឈ្មោះ ទី១៖ ឈ្មោះ សាម វី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសាលាបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ គង់ ហ្វារឹត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅសាលាបឹងឈូក សង្កាត់លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូកង់បីឥណ្ឌា១ គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ (ត) 1IH-2437 ព្រះពុទ្ធរូបចំនួន ១៤ព្រះអង្គ និងឧបករណ៍គាស់ទ្វារ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកព្រះស្ដេច ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕