(ព្រះសីហនុ)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ខាន់ នៅ អាយុ៣៥ឆ្នាំ មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ, ទី២៖ឈ្មោះ ភា ភ័ស្ត អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់១, ទី៣៖ឈ្មោះ ណី រ៉ីម អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ ផា នេញ អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់១ ក្រុងព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ធំ, ១០៩កញ្ចប់តូច សរុប១២៣កញ្ចប់, ទូរស័ព្ទ៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន២ និងសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕