(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគជិត១៤.៤លានដុល្លារ។

Facebook ផ្លូវការរបស់ CDC បានឲ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន Smart Silver Star Co., Ltd. គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ, ខ្សែចំណងគ្រប់ប្រភេទ, ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

២៖ ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រវាយនភណ្ឌ, ជ្រលក់ពណ៌, ផលិតម៉ាស់ និងក្រដាស់ខាត់, មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។

៣៖ ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស៊ុមគំនូរ ស៊ុមរូបថត និងថ្នាំព័ណគំនូរ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣០កន្លែង៕