(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោលគឺចាប់តាំងពីការដាក់វិធានការឲ្យជនបរទេសដាក់ប្រាក់តម្កល់ ដើម្បីតាមដានសុខភាពពេលចូលមកកម្ពុជានោះ ក្រសួងសុខាភិបាល ទទួលបានប្រាក់តម្កល់សរុបចំនួន៩លានដុល្លារអាមេរិកពីជនបរទេសសរុបចំនួន ៣ពាន់នាក់។ នេះបើតាម លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

ថ្លែងនៅក្នុងសន្និសីទមួយនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថវិកាតម្កល់ដែលយើងទទួលបានរហូតមកដល់ថ្ងៃទី៣០ ខែមិថុនានេះ មានចំនួន៩លានដុល្លារហើយ ជាតួលេខមួយ ដែលយើងបានទទួលលុយតម្កល់នេះ ពីអ្នកដំណើរប្រហែលជា៣ពាន់នាក់។ យើងក៏បានធ្វើការបង្វែរជូនទៅវិញម្តងនៅថ្ងៃទី១៥ ហើយថ្ងៃទី១៦ យើងក៏បានបង្វែរម្តងទៀត។ យើងនៅធ្វើការបង្វែរថ្ងៃទី១៧-១៨-១៩ ជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកដំណើរ ឬអ្នកទេសចរ ដែលជាជនជាតិបរទេសបញ្ចប់ [ការតាមដានសុខភាព] រួចអស់ ហើយសណ្ឋាគារផ្ញើវិក័យបត្រមក យើងធ្វើការទូរទាត់ជូនសណ្ឋាគារ យើងធ្វើការទូទាត់ជូនមន្ទីរពិសោធន៍»

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានជូនដំណឹងថា អ្នកដំណើរជាជនបរទេស ដែលបានមកដល់កម្ពុជា ត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទឹកប្រាក់យ៉ាងតិច ៥០០០០ដុល្លារ និងមានប្រាក់តម្កល់ (ជាសាច់ប្រាក់ ឬបណ្ណឥណពន្ធ) ហើយត្រូវបង្កកនៅធនាគារពាណិជ្ជ ដែលកំណត់នៅទីតាំងព្រំដែននីមួយៗ ដែលមានចំនួនយ៉ាងតិច ៣០០០ដុល្លារ ហើយថវិកានេះត្រូវរក្សាទុក ដើម្បីធ្វើការទូទាត់ចំណាយផ្សេងៗ ក្នុងពេលអនុវត្តវិធានការសុខាភិបាល។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ, ចាប់តាំងពីអនុញ្ញាតឲ្យចូលប្រទេស គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ អ្នកដំណើរពីក្រៅប្រទសចូលមកកម្ពុជាមានចំនួន ១៦១២៩នាក់ហើយ។ ក្រសួង បានយកសំណាកពួកគាត់ ទៅពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ។

លោកស្រី យក់ សម្បត្តិ បានថ្លែងបន្តថា ជនបរទេសដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេ គឺជាជនជាតិចិន។ លោកស្រីអះអាងទៀតថា សម្រាប់ជនបរទេស ដែលគ្មានឯកសារបញ្ជាក់តាមការកំណត់ នឹងមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា ហើយកម្ពុជាក៏បានបណ្តេញជនបរទេសទាំងនោះ ត្រឡប់ទៅវិញច្រើននាក់ផងដែរ៕