(ភ្នំពេញ)៖ បញ្ហាលំបាកដូចផ្លូវ លូ ថ្លៃសំរាម និងត្រូវបានប្រជាពលរដ្ឋចំនួន៧នាក់ បានសំណូមពរដោយផ្ទាល់មាត់ និងចំនួន៨នាក់ សរសេរជាលិខិត ដែលតំណាងឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២ បាននាំគ្នាលើកជាសំណូមពរឲ្យអាជ្ញាធរខណ្ឌដោះស្រាយ ពាក់ព័ន្ធការងារសណ្តាប់ធ្នាប់សាធារណៈ បញ្ហាជួសជុលផ្លូវ បញ្ហាជួសជុលលូ និងបញ្ហាបង់ថ្លៃសំរាម និងការងារអភិវឌ្ឍន៍មូលដ្ឋាន ប៉ុន្តែការឆ្លើយតបមកវិញពីសំណាក់អាជ្ញាធរបានសន្យាថា និងទទួលយកសំណូមពរទាំងអស់ មកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនេះ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីសាលាខណ្ឌ រួមជាមួយប្រជាពលរដ្ឋមកពីសង្កាត់ទាំង២។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ជិត កន្ធុល ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់ទួលទំពូងទី១, លោក អ៊ុក ចាន់ធូ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលទំពូងទី២។

ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ តំណាងព្រះចៅអធិការវត្តទួលទំពូង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ (ប្រជាពលរដ្ឋចូលរួមចំនួន៥៦នាក់ ស្រី១៤នាក់)។

ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា ទុក្ខកង្វល់របស់ពលរដ្ឋ ក៏ដូចជាទុក្ខកង្វល់របស់អាជ្ញាធរដែរហើយលោកនឹងយកសំណើ ទាំងអស់នេះ ទៅពិគ្រោះ រិះរកមធ្យោបាយ ដាក់បទបញ្ជា ធ្វើយ៉ាងណា ដោះស្រាយជូនពលរដ្ឋឲ្យបានស្អាត និងបង្ការមិនឲ្យបញ្ហាកើតមានឡើងតទៀតនោះឡើយ។

យ៉ាងណានោះ លោកអភិបាលខណ្ឌសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានជាបន្ទាន់ ដល់អាជ្ញាធរ បើសិនជាមានបញ្ហាកង្វល់អ្វីទៀតនោះ និងចូលរួមអភិវឌ្ឍន៍ និងថែទាំបរិស្ថានយើងទាំងអស់គ្នា ព្រោះបរិស្ថានស្អាត ផ្ដើមចេញពីពលរដ្ឋអ្នកចូលរួម ទើបស្អាតទាំងអស់គ្នា៕