(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូប ពីជនជាតិម្នាក់បានសម្រេច កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចផ្លូវមហោស្រព ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ បានជិះម៉ូតូ ០២គ្រឿង ម៉ាកស្កុបពីពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិនម្នាក់ ភេទប្រុស ខណៈពេលជនរងគ្រោះកំពុងដើរតាមផ្លូវ រួចជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង០២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចជំនាញយើងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពឆក់ នៅចំណុចផ្លូវមុខហាងនំបុ័ងអន្តរជាតិ (ចាស់) ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះជនសង្ស័យម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕