(កំពង់ធំ)៖ កងអន្តរាគមន៍បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យបញ្ជូនម៉ាស៊ីនបូមទឹកបន្ថែម និងប្រេងរាប់រយលីត្រ ចុះជួយសង្រ្គោះដីស្រែប្រជាពលរដ្ឋកំពុងខ្វះទឹក នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រតិបត្តិការជួយសង្គ្រោះនេះ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រោយទទួលបានសំណូមពរ ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងស្រុកទាំង២ ដឹកនាំដោយលោក ថោង ខុន, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យកងអន្តរាគមន៍ម៉ាស៊ីនបូមទឹកអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស សហការជាមួយក្រុមការងារថ្នាក់ជាតិ មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកបារាយណ៍ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ចុះជួយបូមទឹកបញ្ចូលស្រែប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក ខ្វះខាតទឹកធ្វើស្រែ ក្នុងនោះសម្រាប់ស្រុកបារាយណ៍១៣០០ហិចតា និងស្រុកតាំងគោកចំនួន១២០០ហិចតា។

ប្រជាពលរដ្ឋមកពីស្រុកបារាយណ៍ និងស្រុកតាំងគោក មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ និងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង, ក្រុមការងាររបស់មន្ទីរធនធានទឹក ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ និងបានជួយទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រោះធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈ និងទីកន្លែងទាំងអស់ដោយមិនប្រកាន់និន្នាការ គណបក្សនយោបាយនោះឡើយ។

តាមរបាយការណ៍របស់លោក សេង ថុន ប្រធានការិយាល័យកសិកម្ម ធនធានទឹក និងបរិស្ថាន ស្រុកបារាយណ៍ បានឲ្យដឹងថា ប្រជាកសិករក្នុងឃុំបារាយណ៍ភាគច្រើន ធ្វើស្រែដើមរដូវស្រូវពង្រោះ។ ការងារបង្កបង្កើនផលស្រូវវស្សា និងបង្កើនរដូវក្នុងស្រុកបារាយណ៍អនុវត្តបាន សរុប ២១.៨០១ហិចតា លើផែនការ២៨.១៥១ហិចតាស្មើនិង៧៧.៤៤%។

ដោយឡែក ក្នុងឃុំបារាយណ៍មានដីស្រែសរុប ២៩០២ហិចតា ការងារបង្កបង្កើនផលស្រូវវស្សា និងបង្កើនរដូវអនុវត្តបាន៣២៩១ហិចតា ស្រូវដើមរដូវធ្វើបាន២៩៣៧ហិចតា។ ដោយឆ្នាំនេះភ្លៀងធ្លាក់ពន្យាពេលវែងដែលនាំឱ្យខ្វះទឹកធ្វើស្រែ ចំនួន១៣០០ហិចតានៅក្នុងឃុំបារាយណ៍។

លោកឧត្តមសេនីយ៍ ហ៊ុន ផាន់ បានឱ្យដឹងថា នៅទីណាក៏ដោយនៅពេលប្រជាពលរដ្ឋ មានការលំបាកជួបគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ ដូចជា៖ គ្រោះជំនន់ រាំងស្ងួត, កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែបញ្ជាឱ្យកងអន្តរាគមន៍ម៉ាស៊ីនបូមទឹកអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន ចុះជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕