(កំពង់ធំ)៖ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនឹងក្រុមការងារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ព្រមទាំងបច្ច័យមួយ ទៅវេប្រគេនព្រះសង្ឃគង់វត្តចំនួន៣៩វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ឆ្នាំនេះតាមប្រតិទិន បានឲ្យដឹងថាពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ ចូលនៅថ្ងៃ១រោជខែអាសាឍ ឆ្នាំជូតទោស ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។ ពិធីបុណ្យនេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា។

ក្នុងឱកាសប្រគេនទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យទៅប្រគេនដល់វត្តចំនួន៣៩ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានគោរពបិណ្ឌបាត្រដល់ព្រះ សង្ឃតាមវត្តនីមួយៗឲ្យបន្តជួយបណ្ដុះបណ្ដាលព្រះសង្ឃ និងគ្រប់គ្រងព្រះសង្ឃឲ្យបានល្អ ដើម្បីឲ្យព្រះសង្ឃទទួលបានចំណេះទាំងផ្នែកពុទ្ធចក្រ និងចំណេះទូទៅ។ ជាមួយនេះដែលក៏ត្រូវរៀបចំវត្តអារាមឲ្យមានរបៀបរៀបរយ ក្នុងនោះរួមទាំងការធ្វើអនាម័យ ព្រោះមួយចំណែក គឺធ្វើឲ្យវត្តមានបរិស្ថានល្អ និងមួយចំណែកទៀត ការពារជម្ងឺកូវី១៩កុំឲ្យមានក្នុងវត្តនិងមូលដ្ឋានដែរផង។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលលើពិភពលោកនៅឡើយទេ ចំណែកនៅកម្ពុជាប្រជាលរដ្ឋដែលឆ្លងសុទ្ធ តែឆ្លងមកពីប្រទេសក្រៅប្រទេស ប៉ុន្តែយើងត្រូវតែការពារកុំឲ្យរលកទី២កើតដល់សហគមន៍ ព្រោះថាជម្ងឺនេះមិនថាចាស់ក្មេង ឬព្រះសង្ឃទេអាចឆ្លងគ្រប់ពេល ដូចនេះត្រូវយកចិត្តទុកដាក់ការពារខ្លួនឲ្យបានគ្រប់ពេលវេលា ដើម្បីការពារជម្ងឺកូវី១៩នេះតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការរក្សាអនាម័យ ការរក្សាគម្លាតពីគ្នាជាដើម។

លោកស្រីបានបញ្ជាក់ថា មនុស្សគ្រប់រូបៗត្រូវការជាចាំបាច់នូវសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដោយមិនអាចអត់សេចក្ដីសុខមួយណាបានឡើយ ហើយការស្វែងរកសេចក្ដីសុខសម្រាប់មនុស្សម្នាក់ៗគឺមានការលំបាកណាស់ ប្រសិនណាយើងមិនមានការជឿជាក់ និងមានសេចក្ដីស្ងប់ក្នុងចិត្ត និងស្គាល់ពីតម្លៃពិតនៃសេចក្ដីសុខទេ ក៏មិនទទួលបានសេចក្ដីសុខមកជាក់ខ្លួនបានដែរ។

សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន បានណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវប្រតិបត្តិធ៌នវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជាន ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនា ឲ្យបានកាន់ល្អប្រសើរសក្តិសមទៅនឹងការលើកស្ទួយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ជាមួយនេះដែរគប្បីត្រូវប្រឹងប្រែងប្រតិបត្តិតួនាទីជាសង្ឃ និងរៀនសូត្រឲ្យបានល្អដើម្បីឲ្យទទួលបានពុទ្ធិនិងជាទីគោលរពរបស់ប្រជាពុទ្ធបរិស័ទ។

សូមជម្រាបថា ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និងបច្ច័យដែលបានវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង៣៩ក្នុងស្រុកសន្ទុកនាពេលនោះក្នុងមួយវត្តៗទទួលបាន ទៀនព្រះវស្សា១គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូចទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និង បច្ច័យមួយចំនួនផងដែរ ហើយក្នុងនោះក៏បានផ្ដល់ទានជាថវិកាក្រណាត់សក្រម៉ាជូនដល់ លោកយាយលោកតា និងបានជូនថវិកាដល់តាអាចារ្យផងដែរ៕