(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាប្រមាណ ១១លានដុល្លារសហអាមេរិក ដើម្បីជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនក្នុងកំលុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងពេលលោក ប៉ាន សូរស័ក្តិ អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានសំដែងនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីបានលើកឡើងថា ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយព្រោះថា ការប្រារព្ធខួបលើកទី២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាពេលនៃការប្រារឰខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកផងដែរ។

លោករដ្ឋមន្ត្រី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជាកម្មវិធីរវាងប្រជាជន និងប្រជាជន ជាដើម។ តួយ៉ាងថ្មីៗនេះ ការសុំចូលចតរបស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក៏ជាការផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជនទាំងពីរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញអំពីការដាក់ចេញនូវប្រធានបទសំខាន់ៗចំនួន១២ ដែលនឹងត្រូវរៀបចំធ្វើឡើង ដើម្បីអបអរសាទរដល់ខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានជម្រាបលោក ផាតទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងអង្គពិធី អំពីសមិទ្ធិផលជាទីពេញចិត្ត មួយចំនួនដែលប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះ។ សមិទ្ធផលទាំងនោះរួមមាន៖

* ការភ្ជាប់ចំណងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។
* កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គលិកសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឲ្យយល់ងដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា។
* ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង ៣៧% ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ ពាន់លានដុល្លារអាមេរិកដល់ ៥,៨ ពាន់លានដុល្លារអាមេរិក។
* ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៥៦ លានដុល្លារអាមេរិក សម្រាប់គាំទ្រ វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន៕