(ព្រៃវែង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយលោក វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៩វត្ត ក្នុងឃុំកំពង់ពពិល ៥វត្ត និងឃុំកំពង់ប្រាំង ៤វត្ត និងសំណេះសំណាលជាមួយពុទ្ធបរិស័ទចំនុះជើងវត្ត។

ជាមួយគ្នានោះ លោក វង្ស ពិសេន ក៏បានផ្សព្វផ្សាយអំពីខ្លឹមសារសំខានៗ ៥៖

*ទី១៖ បញ្ហាជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ខ្លាំងក្លារបស់ពិភពលោក ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងស្តាប់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវចេះធ្វើអនាម័យ រក្សាគម្លាតសុវត្ថិភាព និងរស់នៅស្អាត ដើម្បីចូលរួមទប់ស្កាត់នៃជំងឺឆ្លងដ៏កាច់សាហាវនេះ។

*ទី២៖ ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យបានល្អប្រសើរក្នុងកំឡុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

*ទី៣៖ រាជរដ្ឋាភិបាលខិតខំជួយសម្រាល និងឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ ដែលងាយនឹងរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

*ទី៤៖ ស្នើដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យយកចិត្តទុកដាក់នៅលើថវិការបស់រាជរដ្ឋាភិបាល ដែលដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១, ក្រ២) ដែលងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវតែធ្វើឱ្យបានច្បាសលាស់ និងហ្មត់ចត់បំផុត សំខាន់ឱ្យដល់ដៃប្រជាពលរដ្ឋគ្មានឱ្យបាត់មួយកាក់ណាទេ ប្រសិនបើមានការបាត់បង់នៅលើថវិកានេះ អាជ្ញាធរមូលដ្ឋានត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

*ទី៥៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងទាំងអស់ ត្រូវតាមដានត្រួតពិនិត្យមើលជីវភាពរបស់ប្រជាពលរដ្ឋ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលខ្វះខាតដោយអត់អាហារនោះទេ ក្នុងពេលដែលជំងឺកូវីដ-១៩នេះរាតត្បាត។

ទេយ្យទាន គ្រឿងឧបភោគបរិភោគទាំងនោះ ក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា ១គូ ស្លាដក់ចំនួន ១ អង្ករ ១០០គីឡូក្រាម ត្រីខ ១កេសធំ ទឹកដោះគោ ១កេសធំ មីម៉ាម៉ា ១កេសធំ ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ទឹកស៉ីអ៉ីវ ២យួរ ទឹកត្រី ២យួរ តែ ១គីឡូក្រាម ស្ករស ៥គីឡូក្រាម ប្រេងម៉ាស៊ូត ៣០លីត្រ បច្ច័យកសាងវត្ត ១,០០០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ ១០០,០០០៛ ជូនតាអាចារ្យ និងគណៈកម្មការវត្ត ១៨នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀល សរុបអស់ ៩០០,០០០ រៀល ជូនលោកតា លោកយាយ ៩១នាក់ ក្នុងម្នាក់ៗ ៣០,០០០ រៀល សរុបអស់ ២,៧៣០,០០០៛ សរុបថវិកាទាំងអស់ ២៥,៣០២,៥០០ រៀល៕