(ភ្នំពេញ)៖ ភាពហ្មត់ចត់ ឈ្លាសវាងវៃ និងការត្រៀមលក្ខណៈរួចរាល់ជាមុន របស់រាជរដ្ឋាភិបាលកម្ពុជា គួបផ្សំនិងភាពមានវិន័យ និងការស្តាប់តាមការណែនាំរបស់អាជ្ញាធរ ពីសំណាក់ប្រជាពលរដ្ឋ គឺជាកត្តាកំណត់ជោគជ័យ នៃការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ដែលធ្វើឲ្យមានអ្នកឆ្លងតិច និងជាសះស្បើយឡើងវិញស្ទើរ ១០០ភាគរយ និងគ្មានអ្នកស្លាប់នោះឡើយ។

វីដេអូមួយ ដែលមានចំណងជើងថា «កម្ពុជាពិតក្នុងសម័យកូវីដ១៩» បានរៀបរាប់ពីវិធានការគ្រប់គ្រងដ៏ត្រឹមត្រូវ លើជំងឺកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យមានការសាទរ និងកោតសរសើរយ៉ាងក្លាំងខ្លា ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះសម្តេចតេជោ។

វីដេអូដែលមានរយៈពេល ១៧៖៥១នាទីនេះ បានឲ្យដឹងថា ស្ថានភាពពិត នៃជីវភាពក្នុងអំឡុងនៃវិបត្តិកូវីដ១៩ កម្ពុជាមិនបានបិទប្រទេសនោះឡើយ ហើយប្រជាពលរដ្ឋទូទៅនៅតែអាចបន្តប្រកបការងារ និងប្រកបរបរទទួលទានបានជាធម្មតា លើកលែងតែការងារ និងមុខរបរមួយចំនួនតូចប៉ះពាល់ ដោយសារវិធានការបង្ការ នៃកូវីដ១៩ មួយរយៈ ដូចជាក្លឹបកម្សាន្តពេលរាត្រីជាដើម។

ក្រោយពីបានព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ដំបូង ស្ថានភាពសង្គមដំណើរការជាប្រក្រតីឡើងវិញ ហើយរមណីយដ្ឋាន ភោជនីយដ្ឋាន សារៈមន្ទីរ ផ្សារទំនើប និងហាងទំនិញផ្សេងៗ ក៏បានដំណើរការឡើងវិញ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការកូវីដ១៩។ ដងផ្លូវចាប់ផ្តើម មានចរាចរណ៍កកកុញឡើងវិញ ខណៈទេសចរណ៍ក្នុងស្រុក ក៏មានសន្ទុះឡើងវិញផងដែរ។

ទោះយ៉ាងនេះក៏ដោយ ក៏រាជរដ្ឋាភិបាល បានបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះ ជាពិសេសចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ក្នុងពេលមានវិបត្តិកូវីដ១៩នេះ៕

សូមទស្សនាវីដេអូ កម្ពុជាពិតក្នុងសម័យកូវីដ១៩ ទាំងស្រុងដូចតទៅ៖