(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះម្នាក់ជាម្ចាស់ទីតាំង និង៣នាក់ទៀតជាជនរងគ្រោះ (អនីតិជនម្នាក់)។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះលេខ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ប៉ែន គីមស្រ៊ាង អាយុ៤៥ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសេចក្ដីរាយការណ៍ ទីតាំងម៉ាស្សាកោសជប់ យីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង ៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចំនួន៥នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ ៥ដុល្លា ម៉ាស្សាប្រេង៨ដុល្លា រយៈពេលមួយម៉ោង និងរួមភេទតម្លៃចាប់ពី ៤០ដុល្លារ ទៅ៥០ដុល្លារក្នុងមួយដង។

ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ ក្នុងនោះនារីរងគ្រោះ ចំនួន៣នាក់ (អនីតិជនម្នាក់) និងដកហូតវត្ថុតាង រួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕