(កណ្តាល)៖ រថយន្តសង្រ្គោះបន្ទាន់ថ្មីស្រឡាងមួយគ្រឿង ដែលមានបំពាក់ឧបករណ៍សង្រ្គោះបឋមមួយកំផ្លេ ជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានប្រគល់ជូនដល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពស្នងការដ្ឋាន។

ពិធីប្រគល់-ទទួលនេះ ធ្វើឡើងស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ជាអ្នកប្រគល់ ហើយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជាអ្នកទទួល។

លោកឧត្តមសេនីយ៍ត្រី សំ អុន បានឱ្យដឹងថា រថយន្តសង្រ្គោះដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី នាពេលនេះជាប្រភេទ រថយន្តម៉ាកស្តារិច ពណ៌ស ស៊េរីឆ្នាំ២០០៨ ក្នុងរថយន្តនេះមានបំពាក់ឧបករណ៍សម្រាប់សង្រ្គោះបឋមរួចជាស្រេច។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានឧបត្ថម្ភរថយន្តសង្រ្គោះដល់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។ រថយន្តដែលជាអំណោយដ៏ថ្លៃថ្លានេះលោកនឹងប្រគល់ទៅឱ្យការិយាល័យសុខាភិបាលជាអ្នកគ្រប់គ្រង ប្រើប្រាស់ទុកសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន ឬឧបទវហេតុគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោកស្នងការក៏បានផ្តាំផ្ញើរដល់លោកនាយការិយាល័យសុខាភិបាល ពិសេសអ្នកប្រើប្រាស់ផ្ទាល់ ត្រូវខិតខំថែរក្សារថយន្តសង្រ្គោះមួយគ្រឿងនេះឱ្យបានល្អប្រសើ ធានាដល់គុណភាពប្រើប្រាស់បានយូរអង្វែង៕