(កំពង់ធំ)៖ មន្ដ្រីនគរបាលម្នាក់ ត្រូវមិត្តស្រីកាប់ចំប្រដាប់ភេទបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ខៀន សុខល័ក្ខ អាយុ៣៣ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខណៈជនដៃដល់ដែលជាមិត្តស្រីឈ្មោះ រិទ្ធ ស្រីនាង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួចបានរត់គេចខ្លួនបាត់ស្រមោល។

ករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នារីមុខសញ្ញាដែលប្រព្រឹត្តបទល្មើសនេះ មានមុខរបរអតីត នារីបម្រើសេវាខារ៉ាអូខេ ហើយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕