(បន្ទាយមានជ័យ)៖ ផ្ទះប្រកស្បូវចំនួន១០ខ្នងផ្ទះ ក្នុងចំណោមផ្ទះស្បូវ៦២ខ្នង នៅឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមការងារ ចុះជួយស្រុកម៉ាឡៃ សាងសង់ជូនប្រជាពលរដ្ឋក្រីក្រ រួចរាល់ហើយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

ការប្រគល់ផ្ទះជូនផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក សួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកម៉ាឡៃជាច្រើនរូបទៀត លោក សួន បវរ បានឲ្យដឹងថា ស្រុកម៉ាឡៃគឺជាស្រុក ដែលបានបង្កើតក្រោយគេក្នុងខេត្តនេះ ក្រោយធ្វើសមាហរណកម្ម ដែលប្រជាពលរដ្ឋភាគច្រើន ជាកសិករ ធ្វើស្រែចំការ និងដាំដំណាំរួមផ្សំ។ ពួកគាត់មានការឧស្សាហ៍ ព្យាយាម ដូច្នេះជីវភាពគ្រួសារសមរម្យ ។ លោកបានបន្តទៀតថា ទោះជាយ៉ាងណា ប្រពលរដ្ឋមួយចំនួនតូច នៅក្នុងស្រុកនេះនៅតែមានជីវភាពខ្វះខាត មិនទាន់មានលទ្ធភាពកសាងលំនៅដ្ឋាន ឲ្យបានសមរម្យនៅឡើយ ដូចមានខ្នងផ្ទះស្បូវ ប្រមាណជា៦២ខ្នង ដែលក្រុមការងារចុះជួយស្រុក បាននិងកំពុងសាងសង់ប្ដូរពី ដំបូលប្រកស្បូវ មកប្រកស័ង្កសីវិញ រហូតមកដល់ពេលនេះ ខ្នងផ្ទះស្បូវ១០ខ្នង ត្រូវបានសាងសង់រួច ជូនគ្រួសារក្រីក្ររួចហើយដែរ។

លោក សួន បវរ ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់រស់នៅស្អាតផឹកស្អាត ត្រូវចេះដាំទឹកផឹក និងត្រូវចេះប្រុងប្រយ័ត្នភ្លើងក្រែងមានអគ្គិភ័យ ហើយពេលដេកត្រូវដាក់មុង​ឲ្យកូនចៅជាប្រចាំប្រយ័ត្ន​កូនចៅកើតជន្ងឺគ្រុនឈាម កូនចៅមានជំងឺត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលជិតៗ៕