(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបាននូវទេយ្យវត្ថុពីព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ដើម្បីត្រៀមបង្ការចែកជូនទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅតាមភូមិ-សង្កាត់ក្នុងមូលដ្ឋាន។

នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុខាងលើនេះ ក៏មានការអញ្ជើញ និងនិមន្ដចូលរួមពីព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះរតនប្បជ្ជោតិ ព្រះអនុគណខណ្ឌប្ញស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី និងមន្ត្រីសង្ឃដ៏ទៀត, លោក ស៊ូ សោគន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌ ព្រមទាំងអស់លោក-លោកស្រី មន្ត្រីជាសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបានរៀបចំឡើងស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

លើសពីនេះ លោក ជា ពិសី ក៏បានសន្យាបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងពិធីទទួល និងប្រគល់ទេយ្យវត្ថុនេះដែរ, ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ បានមានព្រះថេរដីកាថា នៅតែបន្តជួយឧបត្ថម្ភគាំទ្របន្តទៀត ទាំងសម្ភារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងគោលបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុ ដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ទទួលបានពីព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌរួមមាន៖ អង្ករ ១តោន, ទឹកត្រី ១០០យួរ, ទឹកសុីអុីវ ១០០យួរ, ទឹកបរិសុទ្ធ ១០០យួរ, បន្លុង ៩ឈុតធំ, សាដក៣០កញ្ចប់, បច្ច័យ ចំនួន២លានរៀល ដោយសរុបទាំងអស ៨៩៦០០០០រៀល (ប្រាំបីលានកៅសិបប្រាំមួយម៉ឺនរៀល)៕