(កណ្ដាល)៖ លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងច្បាស់ៗថា «គ្មានការយោគយល់ ចំពោះឡានដឹកដី-ខ្សាច់ ថ្ម គ្រួសណា ដែលខុសច្បាប់នោះទេ បើទោះបីជាមានខ្នង ជានរណាក៏ដោយ» សំខាន់គឺអនុវត្តន៍ច្បាប់ដោយស្មើរភាព ដើម្បីសុខសុវត្តិភាពបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទាំងអស់គ្នា។

លោកនាយការិយាល័យ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ២១២ ស្ថិតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោក ឆេង សំអឿន បានសង្កត់ធ្ងន់ថា «យោងតាមការចង្អុលបង្ហាញ និងស្មារតីដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការ ឈឿន សុចិត្ត បានដាក់បទបញ្ជា ឲ្យអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការយោគយល់នរណា ឬខ្សែខាងណានោះឡើយ ត្បិតលោកស្នងការគឺធ្វើការដើម្បីរាស្ត្រ មិនមែនដើម្បីឈ្មួញនោះឡើយ»

ទន្ទឹមនេះផងដែរ លោក ឆេង សំអឿន ក៏បានលើកឡើងថា ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងចាប់ឃាត់ឡានដឹកដី-ខ្សាច់ ថ្ម គ្រួស ប្រភេទធំ-តូច រាប់សិបគ្រឿង ដើម្បីយកទៅអនុវត្តន៍ច្បាប់ ហើយចំពោះស៊ីផ្លេខ្យល់ និង បិទស្គុតខ្មៅ ត្រូវដោះចេញឲ្យអស់ ដោយគ្មានការយោគយល់ឡើយ ។

លោកនាយការិយាល័យ បានបន្តថា ចំពោះករណីក្រុមតៃកុងឡានបើកឈ្លើយ ហើយខ្លះបើសិនជាមានករណីមានសារធាតុញៀន លោកបានអប់រំណែនាំ ឲ្យមានឥរិយាបថល្អ ខណៈនឹងមានការពិនិតរកសារធាតុញៀន ចំពោះក្រុមតៃកុងឡានណា ដែលសង្ស័យ ។

អ្វីដែលគួរឲ្យកត់សំគាល់ដែរនោះ ក្រុមតៃកុងឡាន៣នាក់ ដែលមានឈ្មោះ ១៖ លោក កែវ សុជា អាយុ៣៨ឆ្នាំ, ២៖ លោក ទិត ស៊ីមាស អាយុ៣៣ឆ្នាំ, ៣៖ លោក ចេវ ចិត្រ អាយុ៤០ឆ្នាំ បានលើកឡើងថា ពួកខ្លួននឹងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ពិសេសគោរពសិទ្ធិពលរដ្ឋ គោរពអាយុជីវិតគេ ដោយមិនបើកឡានឈ្លើយ ឬប្រើស៊ីផ្លេខ្យល់ទៀតនោះទេ។

ខណៈដែលពួកគាត់ ក៏បានបញ្ជាក់ដែរថា មិនមែនតៃកុងឡានទាំងអស់គ្នា សុទ្ធតែបើកឡានឈ្លើយនោះទេ គឺមានមួយចំនួនប៉ុណ្ណោះ។

ក្រុមតៃកុងឡានទាំង៣នាក់ បានអំពាវនាវដល់សមត្ថកិច្ច ឲ្យចាប់តៃកុងឡានពិនិត្យមើលសារធាតុញៀនផងដែរ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗ ព្រោះបើតៃកុងឡានណា ប្រើថ្នាំញៀន ពិតណាស់ពួកគេមិនខ្លាចនរណាឡើយ គឺបើកព្រហើនតែម្ដង៕