(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបានដាក់ចេញនូវវិធានការមួយ ក្នុងចំណោមវិធានការដទៃទៀត គឺការធ្វើ «ចត្តាឡីស័ក» លើអ្នកដែលនៅក្នុងចំណោម អ្នកមានផ្ទុកជំងឺកូវីដ១៩ ដោយតម្រូវឲ្យធ្វើ «ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ» ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ដែលមានផ្ទុកទៅមនុស្សដទៃទៀត។

ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន Fresh News លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះវិធានការការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាលនេះ គឺមានបងប្អូនប្រជាពលរដ្ឋជាច្រើន មានចម្ងល់មកកាន់ វិស័យសុខាភិបាលយើងថា ហេតុអ្វីមិនធ្វើចត្តាឡីស័កតែរយៈ២ថ្ងៃ ៣ថ្ងៃ ឬក៏៥ថ្ងៃទៅ ចាំបាច់អីធ្វើរហូតដល់រយៈ១៤ថ្ងៃបែបនេះ។

លោកស្រីវេជ្ជបណ្ឌិតបន្តថា ការធ្វើចត្តាឡីស័កនេះ គឺផ្ដើមចេញពីប្រទេសនៅខាងអឺរ៉ុប តាំងពីឆ្នាំ១៨០០ជាង ដោយពេលនោះមានការឆ្លងនូវជំងឺច្រើន តាមរយៈសត្វដែលគេបានដឹងជញ្ជូនតាមកប៉ាល់។ នៅពេលនោះគេបានរៀបចំដាក់សត្វ និងមនុស្សដែលនៅក្នុងកប៉ាល់ ឲ្យនៅកំពង់ផែរយៈពេល៤០ថ្ងៃ មុននឹងនាំចូលទំនិញមកក្នុងប្រទេស ដើម្បីជៀសវាងការឆ្លងជំងឺ និងមេរោគ ព្រោះថាជំងឺ និងមេរោគខ្លះវាអាចរស់នៅបាន ក្នុងរយៈពេលយូរ ដែលមិនអាចនឹកស្មានដល់ផងដែរ។

លោកស្រីវេជ្ជបណ្ឌិតថ្លែងឲ្យដឹងបន្តថា ជាក់ស្ដែងកាលពីរយៈពេលកន្លងទៅ យើងសង្កេតឃើញថា មានការផ្ទុះឡើងនូវជំងឺមួយប្រភេទ ដែលមានឈ្មោះថា ជំងឺប៉េស្ដ ដែលវាឆ្លងពីសត្វកណ្ដុរ និងសត្វចៃតូចវាមកខាំមនុស្ស ដែលបង្កឲ្យឆ្លងមេរោគដែលគេឲ្យឈ្មោះថា ជាជំងឺប៉េស្ដ ទើបគេកំណត់យករយៈពេល៤០ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក តែនៅរយៈពេលក្រោយៗមកទៀត អ្នកវេជ្ជសាស្ត្រ បានធ្វើការពិសោធន៍ឃើញថាជំងឺខ្លះ ក៏វាមានការកកើតនៅរយៈពេលរបស់វាមួយដែរ។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា យោងតាមការធ្វើចត្តាឡីស័ករយៈពេល៤០ថ្ងៃ នៅអំឡុងពេលមុននោះ ហេតុអ្វីក្រសួងសុខាភិបាលមានវិធានការ ធ្វើចត្តាឡីស័កត្រឹមរយៈពេល១៤ថ្ងៃ? គឺដោយសារការសិក្សារបស់អង្គការសុខភាពពិភពលោក និងក៏ដូចជាការណែនាំរបស់ អង្គការសុខភាពពិភពលោកនេះ បានបញ្ជាក់ថា រយៈពេលសម្ងំរបស់វីរុសកូវីដ១៩នេះ ស្ថិតនៅក្នុងអំឡុងពេល១៤ថ្ងៃនេះឯង។ គិតចាប់ពីវីរុសកូវីដ១៩ចូលទៅក្នុងខ្លួនហើយ ចេញរោគសញ្ញាឲ្យបុគ្គលនោះ ដឹងថាខ្លួនមានជំងឺនេះ គឺនៅក្នុងរង្វង់រយៈពេល១៤ថ្ងៃ ដោយអ្នកខ្លះចេញរោគសញ្ញាត្រឹមថ្ងៃទី៤ ទៅថ្ងៃទី៥ ថ្ងៃទី៧-៨ និងទី១០ ហើយអ្នកខ្លះទៀតចេញរោគសញ្ញា នៅថ្ងៃទី១៤តែម្ដង»។

លោកស្រីបន្ថែមទៀតថា អាការទាំងអស់នេះ គឺវាអាស្រ័យទៅលើស្ថានភាព នៃវីរុសដែលវាយលុកក្នុងសិរីរាងកាយរបស់មនុស្ស ប៉ុន្ដែអ្វីដែលគេបានសង្កេតឃើញថា មានរោគសញ្ញាកើតមានឡើង គឺនៅរយៈពេលចន្លោះថ្ងៃទី៥ និងថ្ងៃទី១០ ដូច្នេះដើម្បីគ្រប់គ្រងរយៈពេល នៃការចេញរោគសញ្ញា នៃជំងឺកូវីដ១៩នេះ ទើបអង្គការសុខភាពពិភពលោក ធ្វើចត្តាឡីស័កនេះ គឺត្រូវធ្វើនៅក្នុងរយៈពេល១៤ថ្ងៃ។

សម្រាប់ការធ្វើចត្តាឡីស័កនេះ គឺបុគ្គលនោះត្រូវដាក់ខ្លួនគាត់ឲ្យនៅដាច់ដោយឡែក ពីគេនៅរយៈពេល១៤ថ្ងៃ មានន័យថា គាត់អត់ទៅប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ទៅប៉ះពាល់ ឬជួបជុំជាមួយក្រុមគ្រួសារ និងពិសាអាហាររួមគ្នា ដែលកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យវីរុសកូវីដ១៩ ងាយនឹងចម្លងទៅកាន់បុគ្គលម្នាក់ ឬច្រើននាក់ទៅតាមការប្រាស្រ័យទាក់ទង និងការជួបជុំផងដែរ។

លោកស្រីបន្តថា យោងតាមអង្គការសុខភាពពិភពលោក ដែលបានណែនាំហើយណែនាំទៀត ដល់អ្នកធ្វើដំណើរពីក្រៅប្រទេស ហើយបានធ្វើតេស្តឃើញអវិជ្ជមានមែន តែក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីបញ្ជាក់ឲ្យច្បាស់ ព្រោះថា ពេលខ្លះវីរុសនោះទើបចូលទៅហើយវីរុសនោះមិនទាន់ បានធ្វើប្រតិកម្ម ឬសញ្ញាណាមួយកើតឡើង។ ដូច្នេះការធ្វើតេស្តទៅ គឺអវិជ្ជមាន តែកុំភ្លេចថា វីរុសនេះវាចូលទៅក្នុងរាងកាយរបស់មនុស្សហើយ ហើយវានឹងប្រឈមនឹងការឆ្លង ដូចនេះចាំបាច់ណាស់ ដែលត្រូវឲ្យគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់គាត់។ លើសពីនោះ ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ គឺនៅលើពិភពលោកទាំងមូល សុទ្ធតែធ្វើដូចគ្នាមិនថាតែប្រទេសកម្ពុជានោះទេ៕