(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងរដូវវស្សា មានទឹកភ្លៀងច្រើន ធ្វើឲ្យដីទន់ជ្រាយ ងាយបង្កការផ្ទុះគ្រាប់មីននោះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផល លើដីមានបញ្ហាគ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្នខ្ពស់។

លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «រដូវវស្សាមានទឹកភ្លៀងច្រើន ធ្វើឲ្យដីទន់ជ្រាយ ងាយបង្កការផ្ទុះគ្រាប់មីន ជាមួយកម្លាំងសង្កត់ ពីខាងលើផ្ទៃដី ដូចនេះ សូមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដែលអាស្រ័យផល ដីមានបញ្ហាគ្រាប់មីន សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកបងប្អូនរកស៊ីខាងភ្ជួររាស់ និងបើកដីថ្មី ដែលគេជួលនោះ សូមទាក់ទងស្វែងរកព័ត៌មាន ស្តីបញ្ហាគ្រាប់មីន នៅតំបន់ដែលខ្លួន ត្រូវធ្វើការជាមុនសិន ដោយព័ត៌មាននោះ អាចសាកសួរអាជ្ញាធរមូលដ្ឋានមេភូមិ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាល ឬអង្គភាពដោះមីន ចៀសវាងប្រថុយប្រថាន នឹងគ្រោះថ្នាក់ដោយសារផ្ទុះមីន»

លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋម្ចាស់ដីស្រែចំការ ដីរុករានថ្មី ដែលបានដឹង ឬសង្ស័យថា ដីរបស់ខ្លួនមានបញ្ហាគ្រាប់មីន ហើយសំរេចជួលអ្នកដទៃ មកប្រថុយប្រថានគ្រោះថ្នាក់ ដោយសារគ្រាប់មីនជំនួសខ្លួន ទង្វើបែបនេះ អសីលធម៌ និងខុសច្បាប់ការងារផងដែរ៕