(រតនគិរី)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd)បា នផ្តល់អគារសហគមន៍ចំនួន២ និងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះស្បៀងអាហារចំនួន ១២០គ្រួសារ នៅឃុំតាវែង ស្រុកតាវែង និងឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើន។

លោក ខាន់ ខុន បានលើកឡើងថា អគារសហគម៍ចំនួន២ខ្នងនេះមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ ជញ្ជាំងថ្ម ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី សម្រាប់ឲ្យបងប្អូនប្រើប្រាស់ទៅតាមតម្រូវការ។

លោកបន្តថា សមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត ធ្លាប់បានជួយអណ្តូងទឹក បន្ទប់ទឹកតាមសហគមន៍ ឬសាលារៀន ឆ្លើយតបគ្រោះមហន្តរាយ ជួយកុមារកំព្រា និងកុមារក្រីក្រ ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ផ្តល់អាហារដល់កុមារតាមសហគមន៍ មតេយ្យសហគមន៍ បង្រៀនភាសារអង់គ្លេស ជាច្រើននៅតាមបណ្តាខេត្តមួយចំនួន។

លោកថា អវត្តមាននៃសន្តិភាពដែលយើងបានកើតនៅក្នុងឆ្នាំ១៩៧០ មានន័យថា អវត្តមានសន្តិភាពគឺជំនួសដោយសង្គ្រាមពេលនោះមានតែការបាត់ បង់តែប៉ុណ្ណោះគ្មានអ្វីដែលហៅថា ការអភិវឌ្ឍនោះទេ។ ប្រជាជនត្រូវរត់ចោលដីធ្លីរត់ចោលផ្ទះសម្បែងរត់ចោលសាលារៀនគ្មានអ្វីទេ។ យើងចាប់ផ្តើមរួមគ្នាចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន នេះគឺជាដំណើរលូតលាសនៃប្រទេសរបស់យើង ដែលសមិទ្ធផលទាំងអស់នេះវាបានចាប់ផ្តើមចេញពី សន្តិភាព ដែលយើងរកបានដោយលំបាក។

លោកសូមស្នើឲ្យប្រជាពលរដ្ឋជួយថែរក្សាអគារដែលបានសម្ពោធនៅពេលនេះ ដើម្បីទុកប្រើប្រាស់ឲ្យបានយូរអង្វែងដោយចាត់ទុកជារបស់យើងទាំងអស់គ្នា។ ទន្ទឹមនោះដែរលោក ខាន់ ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។

ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហាជំងឺ Covid-១៩ លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ហេតុនេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបន្តទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។

ជាក់ស្ដែងនាថ្ងៃនេះ ក្រុមការងារបេសកកម្មដំណឹងល្អ បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១២០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំប៉ន។ ជាមួយគ្នានេះ គណៈអធិបតីបានកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នូវអគារសហគមន៍ជាប្រយោជន៍របស់សហគមន៍៕