(កំពង់ស្ពឺ)៖ ក្រោយសកម្មភាពទទួលប្រាក់ និងសម្ភារពីសប្បុរសជន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអញ្ជើញ ចុះចែកបណ្ណក្រីក្រដោយផ្ទាល់នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ក្នុងពិធីចុះពិនិត្យការបើកផ្ដល់សាច់ប្រាក់ដល់បងប្អូនក្រីក្រ ដែលប៉ះពាល់ដោយជំងឺ Covid-19 នៅឃុំរកាកោះ ស្រុកគងពិសី លោក វ៉ី សំណាង បានថ្លែងកោតសរសើរចំពោះពលរដ្ឋមួយគ្រួសារ នៅឃុំរកាកោះថា «អ្វីដែលធ្វើឲ្យខ្ញុំមានមោទកភាពនោះ គឺដោយសារប្រជាពលរដ្ឋ១គ្រួសារ បានសុំផ្ដាច់ខ្លួនចេញពីបញ្ជីគ្រួសារក្រីក្រ។ សន្តិភាព បានផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសរកស៊ីទទួលទានមានបាន តាមសមត្ថភាពរៀងៗខ្លួន។ សូមមេត្តាចូលរួមថែរក្សាសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង»

ជាមួយគ្នានេះតាមរយៈលោក JIANG KEHHUI តំណាងក្រុមហ៊ុន Hon Way Investment បានឧបត្ថម្ភអង្ករចំនួន២តោន និងលោក យ៉ង់ យ៉ារឹទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ផ្តល់ថវិកា ៨០ម៉ឺនរៀលដល់រដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩។

អភិបាលខេត្ត បានកោតសរសើរចំពោះសប្បុរសជនតែងតែជឿជាក់មកលើរដ្ឋបាលខេត្ត បានផ្តល់នៅសម្ភារ ថវិកាមួយចំនួនបន្ថែម ជាហូរហែមកគណៈកម្មាការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជាប្រចាំ សូមឲ្យមានការចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនយើង ដើម្បីជាតិកាត់បន្ថយភាពក្រីក្រយ៉ាងចាំបាច់ផងដែរ៕