(ព្រះសីហនុ)៖ កម្លាំងមន្ត្រីនគរបាលខេត្តព្រះសីហនុ ក្រោមការចង្អល់បង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចុះបង្ក្រាបបទល្មើស ចំនួន៤ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ព្រមទាំងរួមទាំងដកហូតបានវត្ថុតាងមួយចំនួន។

* ករណីទី១៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ នៅជិតរង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្រោយជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន ត្រូវកម្លាំងជំនាញដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យ២នាក់ ភេទប្រុស។ ដកហូតបានវត្ថុតាង៖ ទូរស័ព្ទដៃ១គ្រឿង របស់ជនរងគ្រោះ (ជនជាតិចិន), ម៉ូតូ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព។

ទី២៖ បង្ក្រាបករណីចែកចាយគ្រឿងញៀន ២ករណី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមានទី១៖ ឈ្មោះ គង់ វណ្ណៈ អាយុ២៨ឆ្នាំ ន​ិងទី២៖ ឈ្មោះ គង់ សុភ័ណ្ឌ អាយុ២០ឆ្នាំ វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង។

​* នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០៖២០នាទី នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Yang Jiang Kun ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់, ថ្នាំ W.Y ចំនួន៩គ្រាប់ ទូរស័ព្ទដៃ២គ្រឿង។

ជាមួយគ្នានេះដែរ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្ក្រាបមុខសញ្ញា ក្នុងករណីលួច ខ្សែរភ្លើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២ និង៣០នាទីយប់ នៅចំណុចការដ្ឋានសំណង់ម្តុំកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖

ទី១៖ ឈ្មោះ កែវ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតក្នុង សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទី២៖ ឈ្មោះ អុន ជីវៀន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៣៖ ឈ្មោះ ពេញ មាស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ ១J-៥៥៥៤, ខ្សែស្ពាន់ ០១ខ្សែ ទំងន់ប្រហែលជាង ២០០គីឡូក្រាម (ជាផលនៃអំពើលួច)

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានឃាត់ខ្លួន និងសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕