(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃទាំងអស់ក្នុងមូលដ្ឋានខណ្ឌចំការមន បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានា របស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី COVID-19។

បើទោះជានៅកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19នេះ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងក៏បានរកឃើញអ្នកវិជ្ជមាន COVID-19 ជាបន្តបន្ទាប់ ពីបងប្អូនដែលទើបត្រឡប់ មកពីបរទេស ដូច្នេះដើម្បីការពាកុំឱ្យ COVID-19 ឆ្លងមកក្នុងសហគមន៍មានតែយើងទាំងអស់គ្នា ទាំងផ្នែកអាណាចក្រ ក៏ដូចជាពុទ្ធចក្រ ចូលរួមទាំងអស់គ្នាការពារទប់ស្កាត់ កុំឱ្យកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដនេះ។

លោកអភិបាលបានស្នើឡើងដូចនេះ នៅក្នុងពិធីនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួនរបស់អភិបាលរាជធានីភ្នំពេញ ទៅប្រគេនដល់វត្តចំនួន៤ គឺវត្តនួននីមុណិរាម ហៅវត្តថាន់, វត្តមណិរតនារាម ហៅវត្តទួលទំពូង, វត្តប្រយូវង្ស, វត្តស្វាយពពែ នៅក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តថាន់។

លោកអភិបាលខណ្ឌ បានទទូចសុំកុំឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ថេង សុថុល បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព បានធ្វើឲ្យវិស័យ ពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូធារ បានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា ទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលប្រគេនជូនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន ០៤ ដោយក្នុង ០១វត្ត ទទួលបានរួមមាន៖

*ទី១៖ ទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖

*ទៀនវស្សា ០១គូ
*សាដក ០១កញ្ចប់
*ប្រេងម៉ាស៊ូត ០១កាន
*ស្ករស ១បាវ
*ទឹកដោះគោ ០១កេស
*ទឹកបរិសុទ្ធ ០២កេស
*មី ០២កេស
*អង្ករ ១០០គីឡូក្រាម
*ថវិកា ១០០,០០០រៀល។

*ទី២៖ ទេយ្យទានរបស់រដ្ឋបាលខណ្ឌចំការមន រួមមាន៖

*ទៀនវស្សា ០១គូ
*ទឹកផ្លែឈើ ០២កេស
*មី ០១កេស
*អង្ករ ៥០គីឡូក្រាម
*ថវិកា ១០០,០០០រៀល៕