(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូនពលរដ្ឋរងគ្រោះ ដោយសារ ខ្យល់កន្ត្រាក់ប៉ះពាល់ដល់លំនៅឋាន ១៣គ្រួសារ មកពី៥ភូមិ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ម៉ុម សារឿន បានសម្តែងការសោកស្តាយចំពោះបងប្អូន ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលប៉ះពាល់ដល់ផ្ទះសម្បែង ព្រមទាំងជំរុញនិងលើកទឹកចិត្ត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលនារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋឲ្យបានល្អប្រសើរ។

លោក ម៉ុម សារឿន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាកំពុងតែរងគ្រោះនូវជំងឺនេះ ផងដែរ។

គួរបញ្ជាក់ផងដែរអំណោយដែលយកមកចែកជូននាឱកាសនោះ ក្នុង ១គ្រួសារទទួលបាននូវ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រី ១យួរ, ឃីត ១កញ្ចប់, តង ១.៤×៦ម៉ែត្រ កន្ទេល១, ឆ្នាំងសម្លរ១, កំសៀវដាំទឹក១, ចង្អើរអាំងត្រី១ នឹងថវិកា ៥០,០០០រៀល។

បន្ទាប់ពីចែកអំណោយរួចលោក ម៉ុម សារឿន និងមន្រ្តីអមដំណើរបានបន្តដំណើរទៅត្រួតពិនិត្យមើលការសាងសង់ស្ពានថ្មីមួយគឺស្ពានអូរល្វាប្រវែង ៥៥ម៉ែត្រ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយលានរៀល ជូនលោកអភិបាលស្រុក ដើម្បីដោះស្រាយបាយទឹកជូនជាងដើម្បីពន្លឿនការ សាងសង់ឱ្យបានរួចរាល់មុនរដូវរស្សា សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕