(កំពង់ធំ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់យ៉ាងច្បាស់លាស់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលក្នុងន័យនេះ សម្តេចតែងតែណែនាំជាប្រចាំ ដល់មន្ត្រីរាជការគ្រប់លំដាប់ ត្រូវចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

ឆ្លើយតបនឹងអនុសាសន៍នេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០ នាយ​ឧត្តម​​សេនីយ៍​​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុនហៀ​ង អគ្គ​មេ​បញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ ​និង​ជា​​មេបញ្ជាការ ​បញ្ជាការ​ដ្ឋាន​​អង្គរក្ស​ បានចាត់ឲ្យកងអន្តរាគមន៍សង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានដឹកនាំកម្លាំងដោយឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងចុះបូមទឹកជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក ខ្វះខាតទឹកធ្វើស្រែចម្ការយ៉ាងខ្លាំង នៅក្នុងស្រុកចំនួនពីរគឺ ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ ប្រជាពលរដ្ឋមកពីស្រុកបារាយណ៍ និងស្រុកតាំងគោក មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងបានផ្តាំផ្ញើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងបានជួយទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ទីកន្លែងទាំងអស់៕