Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំងឺកូវីដ១៩ពន្យឺតការរីកចម្រើនរបស់វិស័យមូលបត្រនៅកម្ពុជា (Video inside)

29-06-2020 15:23

(ភ្នំពេញ)៖ ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

វិស័យមូលបត្រក៏រងផលប៉ះពាល់ផងដែរ ដោយសារជំងឺកូវីដ១៩បានពន្យឺតដល់ការរីកចម្រើនវិស័យនេះ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងបទសម្ភាស កម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ របស់ទូរទស្សន៍ Fresh News លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ទទួលស្គាល់ថា ជំងឺកូវីដ១៩ពិតជាបានប៉ះពាល់ ដល់វិស័យមូលបត្រនៅកម្ពុជា ដោយក្រុមហ៊ុនចុះបញ្ជីបង្អង់ចាំសិន ចាំមើលពីការវិវឌ្ឍន៍នៃជំងឺនេះ ហើយវិនិយោគិនវិញ ក៏ចង់រក្សាសាច់ប្រាក់ទុក ដោយរង់ចាំមើលជំងឺនេះផងដែរ។

លោកបញ្ជាក់ទៀតថា «នៅខែមេសា និងខែឧសភាកន្លងទៅនេះ មានក្រុមហ៊ុនជាបន្តបន្ទាប់ បន្តចុះបញ្ជីទៅតាមគម្រោង ដែលបានរៀបចំតាំងពីពេល១ឆ្នាំ ឬ១ឆ្នាំកន្លះមុនមក ដែលនេះគ្រាន់តែជាការអនុវត្តលើគម្រោងដែលមានសម្រាប់ ដូច្នេះទើបយើងមានក្រុមហ៊ុនជាបន្តបន្ទាប់ចុះបញ្ជី ព្រោះក្រុមហ៊ុនដែលមានគម្រោងដំបូង គឺអត់បានដឹងថាដើមឆ្នាំ២០២០នេះមានជំងឺឆ្លងទេ គឺអ្វីមួយដែលកើតឡើងដែលគ្រប់គ្នាអត់ដឹង ប៉ុន្តែដោយសារតែមានទំនុកចិត្តពីវិនិយោគិនស្រាប់ ដោយសារក្រុមហ៊ុនខ្លួនឯងរឹងមាំស្រាប់ ដោយសារគោលនយោបាយ របស់រាជរដ្ឋាភិបាល រៀបចំមានបែបផែនច្បាស់លាស់ស្រាប់ ដូច្នេះហើយធ្វើឲ្យក្រុមហ៊ុន អាចបន្តសកម្មភាពរបស់ខ្លួន ចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា»។

លោក ស៊ូ សុជាតិ បន្តថា «កត្តាមានក្រុមហ៊ុនបន្តចុះបញ្ជីនេះក៏ពិតមែន តែសួថាជំងឺកូវីដប្រឈមទេ គឺមានការប្រឈមដំណាក់កាល នៃការលក់ដំបូងក៏ប្រឈម ប្រឈមជាមួយវិនិយោគិនខ្លះ ដែលគាត់រារែក»

ទោះជាយ៉ាងណាលោកអគ្គនាយករំពឹងថា រហូតដល់ចុងឆ្នាំ២០២០នេះ អាចនឹងមានក្រុមហ៊ុន២-៣ទៀត ចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ហើយសម្រាប់វិស័យដែលរាជរដ្ឋាភិបាល នឹងទាក់ទាញចូលទីផ្សារបន្តបន្ទាប់ពីវិស័យធនាគារ គឺវិស័យអចលនទ្រព្យ វិស័យធានារ៉ាប់រង និងវិស័យសណ្ឋាគារជាដើម៕