(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា ការបង្កបង្កើនផលដំណាំស្រូវវស្សានៅក្នុងខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ ប្រជាកសិករដាំដំណាំស្រូវបានប្រមាណជា៨២,០០០ហិកតាហើយ លើផែនការជាង១២ម៉ឺនហិកតា បើគិតជាភាគរយ មកដល់ពេលនេះ អនុវត្តបាន៦៧ភាគរយហើយ នៅទូទាំងខេត្ត។

ពាក់ព័ន្ធទៅនិងដំណាំរួមផ្សំរយៈពេលខ្លី គឺអនុវត្តបានជាង៥ពាន់ហិកតាហើយដែរលើផែនការ៧៦,០០០ហិកតា ដែលមានដូចជា ដំណាំដំឡូងមីដំឡូងជ្វា និងដំណាំបន្លែគ្រប់មុខ។ ចំពោះដំណាំស្រូវដើមរដូវមកដល់ពេលនេះ ប្រជាកសិករប្រមូលផលបានជិត៤០០ហិកតាហើយ ដែលទទួលបានទិន្នផល៤តោន ២០០គីឡូក្រាម ក្នុង១ហិកតាផងដែរ។

និយាយដោយឡែក ការបង្កបង្កើនផលដំណាំស្រូវនៅក្នុងស្រុករលាប្អៀរមានការលឿន ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ការបង្កបង្កើនផលដំណាំស្រូវវស្សា នៅក្នុងស្រុករលាប្អៀរ ប្រជាកសិករសម្រេចធ្វើការសាបព្រោះបានចំនួន ២៨,១០៥ហិកតា ស្មើរនឹង៩៧.៥៩ ភាគរយ នៃផែនការ២៨,៨០០ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវអនុវត្តបានចំនួន១៧០ហិកតា ស្រូវ កណ្ដាលអនុវត្តបានចំនួន១៤,២៥៩ហិកតា និងស្រូវធន់អនុវត្តបានចំនួន១៣,៦៧៦ហិកតា ការបង្កបង្កើនផលលឿនបែបនេះ ក៏ដោយសារតែកត្តាទឹកភ្លៀងដែលបានធ្លាក់រាយប៉ាយនៅទូទាំង ខេត្តកំពង់ឆ្នាំង ជាពិសេសក្នុងស្រុករលាប្អៀរ គឺទទួលរបបទឹកភ្លៀងបានច្រើនទើបប្រជាកសិករនាំគ្នាសម្រុកបង្កបង្កើតផលរហូតជិតសម្រេចបានតាមផែនការខាងលើនេះ។

ស្ថានភាពលូតលាស់ នៃដំណាំស្រូវមានសភាពល្អប្រសើរ ពុំមានជំងឺ និងសត្វល្អិតឬកត្តាចង្រៃផ្សេងៗ មកបំផ្លិចបំផ្លាញនោះទេ ហើយកសិករភាគច្រើនកំពុងតែមមាញឹកបាចជីបំប៉នដើមស្រូវ និងបាញ់ថ្នាំសំលាប់ស្មៅក្នុងស្រែ។ រីឯដំណាំបន្លែផ្សេងៗប្រជាពលរដ្ឋកំពុងតែមានការមមាញឹកយ៉ាងផុលផុស ក្នុងការដាំដំណាំបន្លែគ្រប់ប្រភេទដែលអនុវត្តបានចំនួន៤៣៥ហិកតា ក្នុងនោះមានដំណាំបន្លែដូចជា ខ្ទឹម, ត្រឡាច, ស្ពៃ, ល្ពៅ, ននោង ។ល។។

រីឯតម្លៃបន្លែនៅក្នុងខេត្តកំពង់ឆ្នាំងវិញ បច្ចុប្បន្នមានតម្លៃចាប់ពី៣,០០០រៀល ទៅ៦,០០០រៀល ក្នុងមួយគីឡូក្រាមតម្លៃនេះគឺនិយាយជារួម៕