(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មេបញ្ជាការរង និងនាយទាហានជាច្រើននាក់ លោកសុទ្ធ គឹមចាន់ អភិបាល នៃគណអភិបាលស្រុកស្វាយជ្រុំ លោកមេឃុំ ប្រធានភូមិ អញ្ជើញទៅសួសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រ មួយគ្រួសារ ដែលរស់នៅយ៉ាងលំបាកពេលបច្ចុប្បន្ននេះ ដែលមានឈ្មោះសូ បាន អាយុ៤៩​ឆ្នាំ ជាមេគ្រួសារក្នុងបន្ទុក ៥​នាក់ រស់នៅភូមិល្វា ឃុំតាសួស ស្រុកស្វាយជ្រំុ ។

ដោយពិនិត្យឃើញការលំបាករបស់​គ្រួសារនេះលោក ឧត្តមសេនីយ៍ត្រីសែ វុទ្ធី រួមនិងប្រតិភូបាននាំអំណោយរួមមាន  អង្ករចំនួន ៧៥​គីឡូក្រាម, ទឹកត្រី ២យូ, ទឹកសុីអុីវ ២យូ, ស្កសរ ៥ គីឡូក្រាម, មីខ្លាឃ្មុំ ៤កេះធំ, ថវិការចំនួន ៥០០.០០០រៀល និងឧបត្ថម្ភមថែមចំនួន ២០០.០០០រៀល ទៀតដើម្បីបុកអណ្តូង១ សំរាប់ប្រើប្រាស់។

សូមបញ្ជាក់ថានៅ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះឈ្មោះសូ បាន ជាកម្មករសំណង់ការដ្ឋាន​មួយនៅរាជធានីភ្នំពេញ ហើយចៃដន្យរអិល​ធ្លាក់ពីលើអាគារជាន់ទីពីរ​បណ្ដាលរងរបួសធ្ងន់​ហើយបច្ចុប្បន្ន​ធ្លាក់ខ្លួនពិការ​មិន​អាចប្រកប របរចិញ្ចឹមក្រុមគ្រួសារបាន ។

ឆ្លៀតឱកាសនោះដែរលោកឧត្តមសេនីយ៍ បានជួយឧបត្ថម្ភ ដល់លោកតាចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះ សុខ ពៅ អាយុ៩៤ឆ្នាំ នូវអង្ករ ១បាវ ២៥គីឡូក្រាម, ស្កសរ ២គីឡូក្រាម និងមីខ្លាឃ្មុំ ១កេះធំទៀតផង ៕