(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, លោក នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្ដរមានជ័យ, លោក ឡៅ ឆន សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរស្រុក និងប្រជាពុទ្ធបរិស័ទ ចូលរួមក្នុងពិធីប្រគេន ទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៧វត្ត ស្ថិតនៅស្រុកចុងកាល។

លោក ប៉ែន កុសល្យ បានលើកឡើងថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះគឺជាការគោរពប្រពៃណីសាសនា ព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សាក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរម គ្រូនៃយើង។

ឆ្លៀតក្នុងឪកាសនោះដែរលោកអភិបាលខេត្ត បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេសការយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានខ្ជាប់ខ្ជួនទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីបង្ការការពារការឆ្លងនៃជម្ងឺឆ្លងកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះពិភពលោកមិនទាន់រកឃើញ វ៉ាក់សាំងការពារ ហើយជំងឺដ៏កាចសាហាវមួយនេះនៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀតនៅឡើយនោះ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស ប៉ែន កុសល្យ ក៏បាននាំយកទេយ្យទាន និងគ្រឿងបរិក្ខាវេរ ប្រគេនព្រះសង្ឃទាំង០៧វត្ត ដោយក្នុងមួយវត្តទទួលបានអង្ករ ៧៥គីឡូក្រាម, មី០៦ កេស, ទឹកត្រី០៣ យួរ, ទឹកស៊ីអ៊ីវ០៣ យួរ, ទឹកសុទ្ធ២០យួរ, ទឹកសុទ្ធអង្គរពូរ៉ូ០៧កេស, ទឹកដោះគោ០៥ កំប៉ុង, ស្ករស០៥ គីឡូក្រាម, តែ០៥ កញ្ចប់, អំបិល០៥ គីឡូក្រាម, ស្លាដក០១ កំប្លេ, ថវិកា ៤០០,០០០រៀល និងឧបត្ថម្ភថវិកាជូនយាយជី តាជីក្នុងម្នាក់ទទួលបានថវិកា១០,០០០រៀល៕