(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ ជាអភិបាលរងខណ្ឌ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានចុះរុះរើសំណង់ឃ្លាំងគ្រោងដែកមួយកន្លែង នៅលើដីប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណៈអាជ្ញាធរ បានចុះហាមឃាត់ច្រើនលើកមកហើយ ។

សំណង់ឆ្អឹងដែកនេះ មានប្រវែង៣៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅលើមាត់ប្រឡាយ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ដល់តំណាងម្ចាស់ឃ្លាំងថា ជាគោលការណ៍របស់រដ្ឋបាលរាជធានី រាល់សំណង់ថ្មី គឺមិនឲ្យមានការសាងសង់ លើចំណីប្រឡាយជាដាច់ខាត។ ប៉ុន្តែសម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗចាស់មកនោះ គឺអាចរស់នៅធម្មតា ហាមខុសរូបភាពដើម ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានី និងតាមការណែនាំរបស់អភិបាលខណ្ឌ តែងតែណែនាំឲ្យអាជ្ញាធរចុះពិនិត្យ និងធ្វើការហាមឃាត់រាល់សំណង់ទាំងឡាយណា សង់ដោយខុសច្បាប់លើដីសាធារណៈ ត្រូវហាមដាច់ខាតមិនឲ្យសំណង់ សង់រំលោភជាដាច់ខាត។

លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា អាជ្ញាធរខណ្ឌចំការមន មិនអាចឲ្យមានកាសង់រំលោភយកដីរដ្ឋ តាមប្រឡាយបានជាដាច់ខាត។ ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការដោះដូរគ្នាទៅវិញទៅមក គឺថាបងប្អូនរស់នៅត្រង់ណា នៅត្រង់នោះ គឺប៉ុណ្ណា នៅប៉ុណ្ណោះសិនទៅ។
ចឹង «បើសិនមេភូមណាហ៊ាស៊ីញ៉េរ គឺត្រូវទទួលខុសត្រូវជាប់គុក»

លោកបន្តថា «បើមានវត្តមានខ្ញុំ នៅខណ្ឌចំការមន គឺអត់មានការសង់រំលោភយកដីរដ្ឋ សង់ខុសច្បាប់ជាដាច់ខាត។ ចឹងរឿងពីមុន គឺអូខេ ព្រោះគ្មានវត្តមានខ្ញុំ តែពេលនេះមានវត្តមានខ្ញុំ ខ្ញុំការពារប៉ុណ្ណឹងសិន ហើយចាំពេលណាអស់វត្តមានខ្ញុំ ហើយមានអ្នកដទៃមកជំនួសខ្ញុំនោះ មានគោលការណ៍របៀបមិច ជារឿងរបស់គាត់»

ក្រោយពីរៀបរាប់ច្បាប់ ប្រាប់តំណាងដែលម្ចាស់ដី ក៏ព្រមឲ្យអាជ្ញាធររុះរើស ដោយម្ចាស់ដីគ្មានកម្លាំងតែអាជ្ញាធរ កាត់ខូចខាត មិនទទួលខុសត្រូវនោះទេ តែម្ចាស់ដីឯកភាពនិងយល់ព្រមលេងតវ៉ាបន្តទៀតហើយ ក្នុងនោះអាជ្ញាធរអរគុណ ដល់ម្ចាស់ដីដែលយល់ដឹង ពីច្បាប់ការសាងសង់អំពាវនាវដល់ម្ចាស់ដីផ្សេង កុំរំលោភបំពានដីរដ្ឋមិនថា ឯកឧត្ដម ឬលោកឧកញ៉ានោះទេ គឺអោយតែខុសច្បាប់ រូបគាត់នឹងចុះមកឲ្យរុះរើចេញភ្លាម៕