(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូមួយចំនួនរួមមានលោក KANATA Tomohiro និងលោក HIROSE Atsushi ជាលេខាទីមួយ និងលោក HIROSE Atsushi ជាលេខាទីពីរអមស្ថានទូតផងដែរ។

ជំនួបនេះមានគោលបំណងពិភាក្សា អំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមក ស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ និងរបាយការណ៍ពីភាគីជប៉ុនទាក់ទង នឹងគម្រោងកំពង់ផែក្រុងព្រះសីហនុ ផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ជូនគណៈប្រតិភូ អំពីដំណើរការរលូន នៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុង ទទួលរងនូវការឆ្លងរាតត្បាតពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ទាក់ទងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ លោក MIKAMI Masahiro បានស្នើឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូថានឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណា លទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន អាចមកបំពេញការងារនៅកម្ពុជា ដោយគ្មានភាពរាំងស្ទះ។

លោក MIKAMI Masahiro ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាតមេរោគកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាពដោយគិតរហូតមកទល់ពេលនេះ កម្ពុជាទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ៕