(ភ្នំពេញ)៖ ក្រោយប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង ៦ នៅទៅទាំងប្រទេសរួចមក ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិតាមយ៉ាងត្រឹមត្រូវចំពោះបទដ្ឋានគតិយុត្តទាំងនេះ។

កិត្តិយសដ៏ប្រពៃនេះត្រូវបានប្រកាសឡើងជាសាធារណៈ នាឱកាសកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ និងផែនការអនុវត្តបន្ត នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ រួមមាន៖

* សេវាកម្មស្នាក់នៅទេសចរណ៍ចំនួន ១៤ទីតាំង៖
១. សណ្ឋាគារ គ្រីស្ដាល់លែន
២. សណ្ឋាគារ ឡាក់ឃីរ៉ូ
៣. សណ្ឋាគារ ភែលេស ហ្គេត
៤. សណ្ឋាគារ ប៊ស
៥. សណ្ឋាគារ អានីស
៦. សណ្ឋាគារ អានីសវីឡា
៧. អឺផាតម៉ិន ឃ្វីន មេនស៉ិន
៨. អឺផាតម៉ិន វីស ដឹម
៩. អឺផាតម៉ិន ឃុត សុផារី
១០. អឺផាតម៉ិន មួង សុខរក្សា
១១. អឺផាតម៉ិន ម៉ាលីយ៉ា
១២. អឺផាតម៉ិន វីនស័រ មែនស៉ិន
១៣. សណ្ឋាគារ ហ៉ីម៉ាវ៉ារី

* សេវាកម្មភោជនីយដ្ឋានចំនួន ១១ទីតាំង៖
១. ភោជនីយដ្ឋាន ឌឺ ដ្រាម
២. ភោជនីយដ្ឋាន បាយ័ន ៥៩៨
៣. ភោជនីយដ្ឋាន អាយ ហ្វូត ហតផត
៤. ភោជនីយដ្ឋាន ហ្ស៊ូស
៥. ភោជនីយដ្ឋាន យ៉ីសាង (ដូនពេញ)
៦. ភោជនីយដ្ឋាន យ៉ីសាង (ចំការមន)
៧. ភោជនីយដ្ឋាន អ៊ុយ គុយទាវ (អ៉ីអន១)
៨. ភោជនីយដ្ឋាន បាយ័ន បឹងស្នោ
៩. ភោជនីយដ្ឋាន អ៊ុយ គុយទាវ កម្ពុជាក្រោម
១០. ភោជនីយដ្ឋាន ថាលាស ម្លិះ
១១. ភោជនីយដ្ឋាន វ័ន ម័រ

* សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកចំនួន ៩អាជីវកម្ម៖
១. កាណូតទេសចរណ៍ ចំការស្នេហ៍
២. កាណូតទេសចរណ៍ កណ្ណិកា
៣. កាណូតទេសចរណ៍ សុវណ្ណមច្ឆា
៤. កាណូតទេសចរណ៍ អូខេ ឡាយ
៥. កាណូតទេសចរណ៍ បុប្ផាមេគង្គ
៦. កាណូតទេសចរណ៍ ពេញទេសចរណ៍
៧. កាណូតទេសចរណ៍ ដូលហ្វីន២
៨. កាណូតទេសចរណ៍ ប៉ារីស
៩. កាណូតទេសចរណ៍ រ៉ាវី១។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោក ឃួង ស្រេង បានកោតសរសើរដល់មូលដ្ឋានអាជីវកម្មទាំង ៣៤ទីតាំង ដែលបានកែទម្លាប់អាជីវកម្មរបស់ខ្លួនបានល្អត្រឹមត្រូវ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍។

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពអនុវត្តលើកិច្ចការងារនេះបន្ថែម សម្រាប់គោលដៅរាជធានីភ្នំពេញជាគោលដៅប្រមូលផ្តុំសេវាកម្មទេសចរណ៍ច្រើនលើសលុប លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំបន្ថែមមួយចំនួនសម្រាប់កិច្ចការងារអនុវត្តបន្ត ដូចតទៅ៖

១៖ ការចុះឈ្មោះប្រើប្រាស់សេវាកម្ម បានដាក់បញ្ចូលជាលក្ខខណ្ឌតម្រូវចាំបាច់មួយនៅក្នុងវិធានសុវត្ថិភាពទេសចរណ៍។ ស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ជំរុញឱ្យបានរហ័សដាក់ចេញប្រព័ន្ធគ្រប់គ្រងទិន្នន័យភ្ញៀវរួមមួយ និងដាក់ឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ប្រើប្រាស់ជាកាតព្វកិច្ចតែម្តង ដោយផ្តើមចេញពីសេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍។

២៖ ចំពោះលក្ខខណ្ឌតម្រូវឱ្យមានអាជីវកម្មបិទផ្សាយ និងក្រើនរំលឹកអំពីការអនុវត្ត លាងដៃ ពាក់ម៉ាស់ វាស់កម្តៅ នៅតាមច្រកទ្វារចេញចូលឱ្យបានជាប់ជាប្រចាំ និងឱ្យបានគ្រប់គ្នា គួរត្រូវបានជម្រុញឱ្យអនុវត្តឱ្យបានរហ័សក្នុងរយៈពេលខ្លីនេះ ដោយហេតុថានេះជាការងារដែលមិនតម្រូវឱ្យអាជីវកម្មត្រូវចំណាយច្រើនឡើយ រីឯខ្លឹមសារណែនាំក៏មានស្រាប់ស្របតាមការកំណត់រួចជាស្រេចរបស់ក្រសួងសុខាភិបាល។

៣៖ ជារួមសម្រាប់សេវាកម្មទាំង៦ខាងលើនេះ តម្រូវឱ្យមានជាចាំបាច់នូវការបណ្ដុះបណ្ដាលជំនាញ និងការអនុវត្តជាក់ស្ដែងដល់បុគ្គលិកបម្រើការងារទាំងអស់។ ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើសម្រង់ស្ថិតិបុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ និងធ្វើសហការបន្តជាមួយនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមែប្រមូលបុគ្គលិកទាំងអស់នេះមកទទួលការបណ្ដុះបណ្ដាលជាការចាំបាច់។

៤៖ ចំពោះសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក លោកស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការអនុវត្តរក្សាវិធានសុវត្ថិភាពទេសចរណ៍នេះចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ នៅទីតាំងចំណត គួរចាត់តាំងឱ្យមានមន្ត្រីប្រចាំការ ធ្វើការណែនាំដល់សាធារណជនគ្រប់រូប ដែលធ្វើដំណើរចេញចូលឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវដែលបានកំណត់។ ដំណាក់កាលទី២ នៅក្នុងមធ្យោបាយដឹកជញ្ជូន គួរទម្លាក់ការទទួលខុសត្រូវដល់ម្ចាស់មធ្យោបាយដឹកជញ្ជូនផ្ទាល់តែម្តង។ ការទទួលខុសត្រូវនេះគួរត្រូវមានវគ្គបណ្តុះបណ្តាលត្រឹមត្រូវ និងមានរៀបចំជាបញ្ជីឈ្មោះបុគ្គលិកទទួលបានការ បណ្តុះបណ្តាលតែម្តង បូករួមទាំងអ្នកបើកបរផងដែរ។

៥៖ ចំពោះគោលដៅកម្សាន្តមួយចំនួនដែលមានចរិតជារមណីយដ្ឋាន ដែលភាគច្រើននៅរាជធានីភ្នំពេញជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក៏គួរត្រូវបានណែនាំឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះផងដែរ៕